រតនគិរី៖ ទីតាំងល្បែងជល់មាន់ដុះស្លែ គ្មានសមត្ថកិច្ចចុះបង្ក្រាប! អ្នកលេងរត់ប្រសាចពេលអ្នកកាសែតមកដល់

រតនគិរី៖ ទីតាំងល្បែងជល់មាន់ដុះស្លែ គ្មានសមត្ថកិច្ចចុះបង្ក្រាប! អ្នកលេងរត់ប្រសាចពេលអ្នកកាសែតមកដល់

ខេត្តរតនគិរី៖ ទីតាំងល្បែងជល់មាន់មួយកន្លែង ដែលដំណើរការលេងជាយូរខែឆ្នាំមកហើយ លេងដុះស្លែ ស្ថិតក្នុងចំការស្វាយចន្ទីយ៉ាងគគ្រឹកគគ្រេង ដោយមិនកោតញញើតឡើយ។ ស្រាប់តែនៅវេលាម៉ោង ២ រសៀល ថ្ងៃទី ៤ ខែឧសភា ឆ្នាំ ២០២៦ មានក្រុមអ្នកកាសែតចូលដល់ អ្នកញៀនល្បែងជល់មាន់នោះរត់ចែកជើងគ្នាប្រសាចតែម្តង។

ទីតាំងជល់មាន់

ហើយគេឃើញមនុស្សម្នាក់រត់មកស្ទាក់ក្រុមអ្នកកាសែតនោះ គេសង្ស័យថាជាម្ចាស់សង្វៀនជល់មាន់ មានឈ្មោះហៅថា (បារាំងៗ)។ ទីតាំងជល់មាន់ដែលអ្នកលេងរត់ប្រសាច ពេលអ្នកកាសែតទៅដល់នោះ ស្ថិតនៅក្នុងចំការស្វាយចន្ទី ភូមិអូរជុំ ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី ដែលមានឈ្មោះបារាំងជាម្ចាស់សង្វៀន។

ប្រភពពីប្រជាពលរដ្ឋរស់នៅក្បែរនោះបានប្រាប់ថា ក្រុមអ្នកលេងល្បែងជល់មាន់តែងលួចណាត់គ្នាលេង មានទាំងអ្នកចាំមើលផ្លូវទៀតផង។ មនុស្សដែលចូលទៅទីនោះ ទាល់តែពួកអ្នកមើលផ្លូវស្គាល់ថាជាក្រុមញៀនល្បែងជល់មាន់គ្នា ទើបគេឱ្យចូលទៅបានដោយស្ងៀមស្ងាត់។ បើមនុស្សប្លែកមុខត្រូវសួរនាំ ឬនៅពេលមានអ្នកកាសែត ក្រុមមើលផ្លូវនឹងផ្តល់ដំណឹងឱ្យរត់ចែកផ្លូវគ្នាប្រសេចប្រសាចអស់។

ប្រភពបន្តថា គេតែងតែឃើញក្រុមអ្នកញៀនល្បែងលេងជាប្រចាំ ពុំឃើញមានសមត្ថកិច្ចណាចុះបង្ក្រាបទេ សង្ស័យត្រូវថ្នាំសណ្តំអស់ហើយទេដឹង…ហេ! ហេ!

administrator

Related Articles