បណ្ឌិត ញិល រដ្ឋា៖ CINBAX-II បង្ហាញពីភាពចាស់ទុំនៃទំនាក់ទំនងកម្ពុជា-ឥណ្ឌា លើសពីការទូតសាមញ្ញ

បណ្ឌិត ញិល រដ្ឋា៖ CINBAX-II បង្ហាញពីភាពចាស់ទុំនៃទំនាក់ទំនងកម្ពុជា-ឥណ្ឌា លើសពីការទូតសាមញ្ញ

រាជធានីភ្នំពេញ៖ សមយុទ្ធយោធា CINBAX-II កម្ពុជា-ឥណ្ឌា ដែលប្រារព្ធឡើងក្នុងឱកាសខួបលើកទី៧០ នៃទំនាក់ទំនងការទូត ត្រូវបានលោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ និងសេដ្ឋកិច្ច លើកឡើងថាជាការបោះជំហានយ៉ាងមុតស្រួចចូលទៅក្នុងយុគសម័យសន្តិសុខទំនើប។

សមយុទ្ធ CINBAX-II

លោកបណ្ឌិតបានសរសេរនៅលើបណ្តាញសង្គម នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ ថា ទំនាក់ទំនងនេះមិនមែនត្រឹមតែជារឿងរ៉ាវប្រវត្តិសាស្ត្រដែលចារឹកលើប្រាសាទបុរាណប៉ុណ្ណោះទេ ប៉ុន្តែបានវិវឌ្ឍពី«អំណាចទន់»នៃវប្បធម៌ទៅជា«អំណាចរឹង»នៃកិច្ចសហប្រតិបត្តិការការពារជាតិដ៏រឹងមាំ។

CINBAX-II លើសពីការហ្វឹកហាត់ គឺជាការបង្កើនទំនុកចិត្តយុទ្ធសាស្ត្រ។ វត្តមានកងទ័ពឥណ្ឌាចំនួន១២០នាក់ មកពីកងវរសេនាធំថ្មើរជើងស្រាល Maratha នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនបញ្ជាការដ្ឋានទ័ពជើងគោក ភ្នំធំម្រះ ខេត្តកំពង់ស្ពឺ គឺជាព្រឹត្តិការណ៍ដ៏មានអត្ថន័យ។

កងទ័ពកម្ពុជា-ឥណ្ឌា

លោកបណ្ឌិតបានវិភាគថា ការជ្រើសរើសកងទ័ពជំនាញវាយឆ្មក់និងចម្បាំងក្នុងព្រៃភ្នំឆ្លុះបញ្ចាំងចំណុចសំខាន់ពីរ៖ ទី១- ការចែករំលែកបទពិសោធន៍ពិតរបស់ឥណ្ឌាក្នុងបេសកកម្មរក្សាសន្តិភាព UN និងប្រឆាំងភេរវកម្ម និងទី២- តុល្យភាពយុទ្ធសាស្ត្រ ដែលកម្ពុជាបានផ្ញើសារអំពីនយោបាយការបរទេសពហុភាគី។

ភូមិសាស្ត្រនយោបាយ

លោកបណ្ឌិតបានបន្តថា ឥណ្ឌាគឺជា«យុថ្កា»នៃសន្តិសុខតំបន់ក្នុងបរិបទឥណ្ឌូ-ប៉ាស៊ីហ្វិក។ សម្រាប់កម្ពុជា ឥណ្ឌាជាដៃគូអព្យាក្រឹតដែលជួយឱ្យកម្ពុជាមានលំហដកដង្ហើម និងជៀសផុតពីសង្គ្រាមត្រជាក់រវាងមហាអំណាចធំៗ។ ផ្ទុយមកវិញ កម្ពុជាគឺជាចំណុចយុទ្ធសាស្ត្រកណ្តាលក្នុងអាស៊ីអាគ្នេយ៍សម្រាប់ឥណ្ឌា។

ទំនាក់ទំនងកម្ពុជា-ឥណ្ឌា

ជាមួយគ្នានោះ លោកបណ្ឌិតក៏បានលើកឡើងពីបរិបទថៃឈ្លានពានខ្មែរ ២០២៥-២០២៦ ដោយថា ឥណ្ឌាដើរតួជា«សាក្សីអន្តរជាតិ»ដ៏មានឥទ្ធិពល ដែលលើកទឹកចិត្តឱ្យមានការដោះស្រាយដោយសន្តិវិធី និងគោរពច្បាប់អន្តរជាតិ។ ការបង្កើនវិជ្ជាជីវៈកងទ័ពតាមរយៈការហ្វឹកហាត់ជាមួយឥណ្ឌាក្រោមក្របខ័ណ្ឌ UN ធ្វើឱ្យការគ្រប់គ្រងស្ថានការណ៍តាមព្រំដែនកាន់តែមានភាពចាស់ទុំ។

លោកបណ្ឌិតបានសន្និដ្ឋានថា ៧០ឆ្នាំនៃទំនាក់ទំនងកម្ពុជា-ឥណ្ឌា បានឈានមកដល់ចំណុចរបត់ថ្មីមួយដ៏គួរឱ្យកត់សម្គាល់។ CINBAX-II គឺជាការឆ្លុះបញ្ចាំងពីមហិច្ឆតារបស់កម្ពុជាក្នុងការកសាងកងទ័ពដែលមានវិជ្ជាជីវៈ និងដើរតួជាតួអង្គសកម្មក្នុងសន្តិសុខសកល។ ក្នុងនាមជា«មិត្តចាស់ដែលយល់ចិត្តគ្នា» ឥណ្ឌានៅតែជាសសរស្ដម្ភដ៏រឹងមាំសម្រាប់កម្ពុជា ក្នុងការកសាងសន្តិភាព និងតុល្យភាពនយោបាយក្នុងតំបន់អាស៊ីអាគ្នេយ៍៕

administrator

Related Articles