ករណីវិវាទបំណុលដ៏ក្តៅគគុកមួយ ស្ទើរតែផ្ទុះទៅជាអំពើហិង្សា នៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៦ ក្នុងហាងកាហ្វេមួយកន្លែងជិតប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី១។ ស្ត្រីជាម្ចាស់បំណុលឈ្មោះ ញ៉ែម សួរ អាយុ៥៣ឆ្នាំ បានតាមទៅជួបស្ត្រីជាកូនបំណុលឈ្មោះ ហ៊ូ បុប្ផា ភួង អាយុ៥៥ឆ្នាំ ដើម្បីទារប្រាក់ចំនួន ៤៨លានរៀល និង ៩ពាន់ដុល្លារ តែត្រូវបានកូនបំណុលបដិសេធមិនព្រមសង ដោយអះអាងថាជំពាក់ត្រឹមតែ ១៦លានរៀលប៉ុណ្ណោះ។

ភាគីទាំងពីរបានឈ្លោះប្រកែកគ្នាយ៉ាងតឹងសសៃ ស្ទើរតែផ្ទុះអំពើហិង្សាវាយតប់គ្នា ខណៈកូនស្រីរបស់កូនបំណុលដែលទើបតែមានអាយុមិនដល់២០ឆ្នាំ ក៏បានប្រើពាក្យសម្ដីអសុរោះដាក់ម្ចាស់បំណុលផងដែរ។ ម្ចាស់ហាងកាហ្វេភ័យខ្លាចកើតហេតុការណ៍ធ្ងន់ធ្ងរ ទើបរាយការណ៍ទៅនគរបាលប៉ុស្តិ៍កាកាបទី១ ឲ្យមកអន្តរាគមន៍។

តាមប្រភពព័ត៌មាន ស្ត្រីជាម្ចាស់បំណុលបានឲ្យដឹងថា កូនបំណុលរូបនេះបានខ្ចីប្រាក់ពីគាត់តាំងពីឆ្នាំ២០២៤ រហូតមកដល់ឆ្នាំ២០២៦ ជាច្រើនដំណាក់កាល ដោយមិនគិតការប្រាក់សូម្បីតែមួយកាក់ ដោយសារតែការទុកចិត្ត និងអាណិតស្រលាញ់គ្នា។ ប៉ុន្តែក្រោយមក កូនបំណុលបានលក់ផ្ទះនៅបុរីពិភពថ្មី ហើយជញ្ជូនសម្ភារៈចេញតាមទ្វារក្រោយដោយស្ងាត់ៗ ដើម្បីគេចវេសមិនសងបំណុល។

ក្រោយពីមិនអាចដោះស្រាយគ្នាបាន នគរបាលប៉ុស្តិ៍កាកាបទី១ បានបញ្ជូនសំណុំរឿងនេះទៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនបន្តទៅសាលាដំបូងរាជធានីភ្នំពេញ ដោយមិនបានឃាត់ខ្លួនស្ត្រីជាកូនបំណុលនោះឡើយ។ ម្ចាស់បំណុលបានបង្ហាញកិច្ចសន្យាខ្ចីប្រាក់ដែលមានស្នាមផ្ដិតមេដៃ និងមានសាក្សីជាច្រើននាក់ផងដែរ។


សូមបញ្ជាក់ថា កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ស្ត្រីជាម្ចាស់បំណុលបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី១ រួចមកហើយ ប៉ុន្តែមិនទាន់មានការដោះស្រាយជាផ្លូវការនៅឡើយ។







