ភ្នំពេញ៖ រដ្ឋាភិបាលចក្រភពអង់គ្លេស តាមរយៈលោក Dominic Williams ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា បានប្រកាសផ្តល់ជំនួយថវិកា ១.៦លានផោន សម្រាប់រយៈពេលមួយឆ្នាំទៀត (២០២៦-២០២៧) ដើម្បីគាំទ្រការងារបោសសម្អាតមីន និងការអប់រំយល់ដឹងអំពីយុទ្ធភណ្ឌគ្រឿងផ្ទុះនៅកម្ពុជា។

ពិធីប្រកាសផ្ដល់ជំនួយនេះ ប្រព្រឹត្តទៅនៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦ នៅនិវេសនដ្ឋានឯកអគ្គរាជទូតអង់គ្លេស ដោយមានការចូលរួមពីលោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន។

ជំនួយនេះនឹងផ្តល់ជូនដល់អង្គការដោះមីនចំនួន ០៣ រួមមាន៖ អង្គការ HALO Trust, Mines Advisory Group (MAG) និង APOPO។ តាមរយៈជំនួយនេះ រំពឹងថាអង្គការ HALO Trust និង MAG នឹងរំដោះផ្ទៃដីចំនួន ៨៩០,៣០០ ម៉ែត្រការ៉េ នៅខេត្តចំនួន ៧ រួមមាន៖ បាត់ដំបង សៀមរាប ឧត្តរមានជ័យ បន្ទាយមានជ័យ ប៉ៃលិន ពោធិ៍សាត់ និងកោះកុង ដែលផ្តល់ផលប្រយោជន៍ផ្ទាល់ដល់ប្រជាពលរដ្ឋចំនួន ៥,៤១៤ នាក់។

លើសពីនេះ នឹងផ្តល់វគ្គអប់រំការយល់ដឹងពីយុទ្ធភណ្ឌគ្រឿងផ្ទុះជាង ៤,០០០ វគ្គ ដល់ប្រជាជនជាង ៤៤,២៨០ នាក់ ក្នុងនោះមានស្ត្រី ៨,៨៥៤ នាក់ និងក្មេងស្រី ១២,៦៩៦ នាក់។

ជាមួយគ្នានេះ ចក្រភពអង់គ្លេសនឹងគាំទ្រដល់គម្រោង Minefields to Ricefields (M2R) របស់អង្គការ APOPO ដោយរួមបញ្ចូលសកម្មភាពមីនជាមួយនឹងការអភិវឌ្ឍកសិកម្មឡើងវិញ លើផ្ទៃដី ៣.៤ លានម៉ែត្រការ៉េ និងមានគ្រួសារកសិករយ៉ាងតិច ៥០០ គ្រួសារទទួលបានអត្ថប្រយោជន៍ផ្ទាល់។

តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា លោកបណ្ឌិត លី ធុជ បានបញ្ជាក់ថា ភាពជាដៃគូរវាងកម្ពុជា និងចក្រភពអង់គ្លេសនៅតែរឹងមាំ អស់រយៈពេល ៤ ទសវត្សរ៍មកនេះ ក្នុងវិស័យសកម្មភាពមីនមនុស្សធម៌។

លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា កម្ពុជាបានដាក់ចេញនូវចក្ខុវិស័យច្បាស់លាស់ ដោយប្តេជ្ញាចិត្តថានៅឆ្នាំ២០៣០ នឹងគ្មានសហគមន៍ណាមួយបន្តរងការគំរាមកំហែងដោយសារមីនឡើយ។ លោកបានអរគុណដល់ចក្រភពអង់គ្លេស ដែលរហូតមកដល់ពេលនេះបានផ្តល់ជំនួយប្រមាណ ៦៥ លានផោនសម្រាប់វិស័យសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា។

ដោយ៖ សំរិត
