កម្ពុជាបោះជំហានយក្ស! ប្រេងដូងវាយលុកទីផ្សារពិភពលោក ៨០% ទុកតែ ២០% ផ្គត់ផ្គង់ក្នុងស្រុក

កម្ពុជាបោះជំហានយក្ស! ប្រេងដូងវាយលុកទីផ្សារពិភពលោក ៨០% ទុកតែ ២០% ផ្គត់ផ្គង់ក្នុងស្រុក

(ខេត្តព្រះសីហនុ)៖ ឧស្សាហកម្មប្រេងដូងកម្ពុជាកំពុងធ្វើឱ្យពិភពលោកភ្ញាក់ផ្អើល បន្ទាប់ពីសមត្ថភាពផលិតកម្មបច្ចុប្បន្នអាចវាយលុក និងនាំចេញទៅកាន់ទីផ្សារពិភពលោកបានរហូតដល់ ៨០% នៃផលិតផលសរុប ជាពិសេសការផ្គត់ផ្គង់ទៅកាន់ប្រទេសនាំមុខគេដូចជា ម៉ាឡេស៊ី និងឥណ្ឌា ខណៈការផ្គត់ផ្គង់ក្នុងស្រុកមានត្រឹមតែ ២០% ប៉ុណ្ណោះ។

រោងចក្រកែច្នៃប្រេងដូង

ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា និងជាប្រធានក្រុមហ៊ុន «ម៉ុង ឫទ្ធី វិនិយោគទុន ដំណាំដូងប្រេងកម្ពុជា» បានថ្លែងក្នុងពិធីសំណេះសំណាលកាលពីព្រឹកថ្ងៃសៅរ៍ ទី១៦ ខែឧសភា ឆ្នាំ២០២៦ ថា ភាពជោគជ័យនេះផ្អែកលើគ្រឹះស្ថានផលិតកម្មដ៏រឹងមាំ ដោយបច្ចុប្បន្នក្រុមហ៊ុនកំពុងដំណើរការរោងចក្រផលិតប្រេងដូងឆៅចំនួន ២កន្លែងយក្ស ដែលមានសមត្ថភាពកិនផ្លែដូងស្រស់បានរហូតដល់ ៩៥តោនក្នុងមួយម៉ោង ស្មើនឹង ២.០៩០តោនក្នុងមួយថ្ងៃ និងចម្រាញ់ជាប្រេងដូងឆៅបាន ៩.១៩៦តោនក្នុងមួយខែ។

វាលដូងប្រេង

ឯកឧត្តមបណ្ឌិត បានបន្ថែមថា ដើម្បីពង្រីកសក្តានុពលប្រកួតប្រជែង ក្រុមហ៊ុនទើបសាងសង់ និងដាក់ឱ្យដំណើរការជាផ្លូវការនូវរោងចក្រផលិតប្រេងសាច់ដូងថ្មីមួយបន្ថែមទៀត ដែលមានសមត្ថភាពផលិតបានពី ២៧ ទៅ ៣០តោនក្នុងមួយថ្ងៃ។ នេះជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីក្នុងការបង្កើនតម្លៃបន្ថែមដល់កសិ-ឧស្សាហកម្មកម្ពុជា និងបង្កើតឱកាសការងារយ៉ាងទូលំទូលាយជូនប្រជាពលរដ្ឋក្នុងតំបន់។

ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី

គួរបញ្ជាក់ថា វឌ្ឍនភាពឧស្សាហកម្មនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុនេះ កើតចេញពីការប្រែក្លាយវាលដីដាច់ស្រយាលកាលពីឆ្នាំ១៩៩៤ ដែលមានប្រជាពលរដ្ឋរស់នៅត្រឹម ៨គ្រួសារ ឱ្យទៅជាចក្រភពបៃតងដ៏ធំធេងលើផ្ទៃដីជាង ២ម៉ឺនហិកតា។ ជាមួយនឹងការឈានចូលយុគសម័យថ្មីនៃការដាំដុះជុំទី២ លើផ្ទៃដីជិត ៦០០ហិកតាក្នុងឆ្នាំ២០២៦នេះ ការបំពាក់បច្ចេកវិទ្យាកែច្នៃកម្រិតខ្ពស់ និងការបង្កើតរោងចក្រថ្មីៗ មិនត្រឹមតែលើកកម្ពស់ជីវភាពពលរដ្ឋជិត ៣ពាន់នាក់ដោយផ្ទាល់ប៉ុណ្ណោះទេ ថែមទាំងលើកមុខមាត់កម្ពុជាលើឆាកអន្តរជាតិតាមរយៈការនាំចេញផលិតផលប្រកបដោយស្តង់ដាខ្ពស់បំផុត។

ផលិតផលប្រេងដូងកម្ពុជា

administrator

Related Articles