បុរសស្រវឹងស្រាខឹងកូនប្រសារលួចលុយ ប្រើពាក្យសំដីប៉ះពាល់ថ្នាក់ដឹកនាំ ត្រូវសមត្ថកិច្ចកោះហៅអប់រំ និងសុំទោសជាសាធារណៈ

បុរសស្រវឹងស្រាខឹងកូនប្រសារលួចលុយ ប្រើពាក្យសំដីប៉ះពាល់ថ្នាក់ដឹកនាំ ត្រូវសមត្ថកិច្ចកោះហៅអប់រំ និងសុំទោសជាសាធារណៈ

រូបភាពព័ត៌មាន

ភ្នំពេញ៖ បន្ទាប់ពីមានការផ្សព្វផ្សាយតាមបណ្តាញសង្គមចំពោះសកម្មភាពពាក្យសំដីរបស់បុរសស្រវឹងស្រាម្នាក់ ដែលបានប្រើពាក្យសំដីមិនសមរម្យប៉ះពាល់ដល់ថ្នាក់ដឹកនាំ ខណៈខឹងកូនប្រសារប្រុសយកលុយចំណងដៃរត់គេចខ្លួនបាត់នៅក្នុងសង្កាត់អូរបែកក្អម សមត្ថកិច្ចបានធ្វើសកម្មភាពភ្លាមៗ។

អនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម ខណ្ឌសែនសុខ បានកោះហៅបុរសឈ្មោះ អាន មករា អាយុ ៥៧ឆ្នាំ ជានិវត្តន៍ជនយោធិនពិការ មកពីខេត្តឧត្តរមានជ័យ មកសួរនាំបំភ្លឺ។

រូបភាពព័ត៌មាន

នៅចំពោះមុខសមត្ថកិច្ច បុរសរូបនេះបានរៀបរាប់ថា នៅយប់ថ្ងៃទី៦ ខែឧសភា គាត់បានចូលរួមកម្មវិធីកាត់ចំណងដៃកូននៅហាងសូណាមិ ផ្លូវ២០០៤ សង្កាត់អូរបែកក្អម។ លុះដល់ម៉ោងប្រហែល០១:០០នាទីយប់អធ្រាត្រ ម្ចាស់ហាងគិតលុយទើបដឹងថាកូនប្រសារប្រុសឈ្មោះ ប៊យ ចាន់ណាត់ ជាងជួសជុលរថយន្ត បានប្រមូលយកលុយចំណងដៃទាំងអស់រត់គេចខ្លួនបាត់។ ដោយក្តីខឹងសម្បារ គាត់ក៏ស្រែកឡូឡា និងប្រើពាក្យសំដីមិនសមរម្យប៉ះពាល់ដល់ថ្នាក់ដឹកនាំ។

ក្រោយការសួរនាំ បុរសខាងលើបានទទួលស្គាល់កំហុសឆ្គងរបស់ខ្លួន និងបានសុំទោសជាសាធារណៈដល់ថ្នាក់ដឹកនាំ និងសាធារណជនទាំងមូល ដោយសុំឱ្យមេត្តាយោគយល់អធ្យាស្រ័យចំពោះទង្វើរបស់គាត់។

រូបភាពព័ត៌មាន

ក្រោយមក សមត្ថកិច្ចបានធ្វើការអប់រំ និងឱ្យធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពនេះ រួចក៏អនុញ្ញាតឱ្យបុរសរូបនេះត្រឡប់ទៅផ្ទះវិញ៕

administrator

Related Articles