ពន្ធនាគារខេត្តបន្ទាយមានជ័យបើកប្រជុំបន្ធូរបន្ថយទោស និងលើកលែងទោសជូនទណ្ឌិត ៧រូប ក្នុងឱកាសបុណ្យវិសាខបូជា

ពន្ធនាគារខេត្តបន្ទាយមានជ័យបើកប្រជុំបន្ធូរបន្ថយទោស និងលើកលែងទោសជូនទណ្ឌិត ៧រូប ក្នុងឱកាសបុណ្យវិសាខបូជា

ខេត្តបន្ទាយមានជ័យ៖ ពន្ធនាគារខេត្តបានបើកកិច្ចប្រជុំពិនិត្យសំណើបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិតចំនួន ៧រូប ក្នុងនោះមានស្ត្រី ១រូប នាឱកាសបុណ្យវិសាខបូជា ឆ្នាំ២០២៦ នៅសាលប្រជុំពន្ធនាគារខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី០៦ ខែឧសភា។

ប្រជុំបន្ធូរបន្ថយទោស

កិច្ចប្រជុំនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត ដោយមានការចូលរួមពីលោក ហេង ផេង ព្រះរាជអាជ្ញារង តំណាងអយ្យការអមសាលាដំបូងខេត្ត លោក ឧត្តមអគ្គានុរក្ស អ៊ុង ស៊ីផាន ប្រធានពន្ធនាគារ លោកវរសេនីយ៍ឯក ពៅ ខេមរា ស្នងការរងនគរបាលខេត្ត ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

អភិបាលរងខេត្តថ្លែងសុន្ទរកថា

ក្នុងឱកាសនោះ លោក ហេង ផេង ព្រះរាជអាជ្ញារងខេត្ត និងលោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្ត បានមានប្រសាសន៍ថា ជារៀងរាល់ឆ្នាំពេលមានពិធីបុណ្យជាតិ រាជរដ្ឋាភិបាលតែងតែស្នើសុំព្រះមហាក្សត្រដើម្បីបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិតដែលបានខិតខំកែប្រែខ្លួនបានល្អ។ ការបន្ធូរបន្ថយទោសនេះ ធ្វើឡើងស្របតាមព្រះរាជក្រឹត្យ និងច្បាប់ពន្ធនាគារ ដោយក្នុងចំណោមទណ្ឌិតទាំង ៧រូប មាន ៥រូប ត្រូវបានបន្ធូរបន្ថយទោសរយៈពេល ៣ខែ និង ២រូបទៀតរយៈពេល ៦ខែ។

ទណ្ឌិតទទួលការបន្ធូរបន្ថយទោស

លោកអភិបាលរងខេត្តបានផ្តាំផ្ញើដល់ទណ្ឌិតទាំងអស់ថា នៅពេលចេញពីពន្ធនាគារទៅរស់នៅក្នុងសហគមន៍វិញ ត្រូវកែប្រែខ្លួនធ្វើជាមនុស្សល្អ គោរពច្បាប់ កុំឲ្យមានកំហុសជាលើកទីពីរ ព្រោះច្បាប់ក្រមព្រហ្មទណ្ឌនឹងដាក់ទោសធ្ងន់ធ្ងរដល់អ្នកប្រព្រឹត្តបទល្មើសមិនរៀងចាល។ លោកក៏បានជំរុញឲ្យអតីតទណ្ឌិតទាំងនោះខិតខំអប់រំខ្លួនឯង និងកូនចៅ ដើម្បីក្លាយជាពលរដ្ឋល្អ រួមចំណែកកសាងគ្រួសារ និងសង្គមជាតិឲ្យរឹងមាំ។

កិច្ចប្រជុំពន្ធនាគារ

ជាទីបញ្ចប់ លោកអភិបាលរងខេត្តបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីពន្ធនាគារខេត្តទាំងអស់ ដែលបានយកចិត្តទុកដាក់ខ្ពស់លើការគ្រប់គ្រង និងផ្តល់ចំណេះដឹង ជំនាញវិជ្ជាជីវៈបច្ចេកទេសដល់ទណ្ឌិត ដើម្បីជាទុនសម្រាប់ប្រកបរបរចិញ្ចឹមជីវិតដោយសុច្ចរិត ក្រោយពេលចេញពីពន្ធនាគារត្រឡប់ទៅសហគមន៍វិញ។ លោកក៏បានផ្តាំផ្ញើថា កុំឲ្យបងប្អូនទាំងអស់មានមុខនៅក្នុងពន្ធនាគារជាលើកទីពីរឲ្យសោះ។

ដោយ៖ វណ្ណា

administrator

Related Articles