ខេត្តបន្ទាយមានជ័យ ៖ កម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ បានសង្គ្រោះជនជាតិថៃចំនួន ២៨នាក់ ដែលត្រូវបានក្រុមជនល្មើសចាប់បង្ខាំងដោយខុសច្បាប់ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦។

ប្រតិបត្តិការនេះធ្វើឡើងក្រោមបញ្ជាផ្ទាល់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ បន្ទាប់ពីទទួលបានបណ្ដឹងសុំជំនួយអន្ដរាគមន៍។

ទីតាំងបង្ខាំងស្ថិតក្នុងផ្ទះជួលមួយកន្លែង ជាប់ផ្លូវជាតិលេខ៥៨ ភូមិអូរឬស្សីលើ សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត។ ក្នុងប្រតិបត្តិការ កម្លាំងជំនាញបានសហការជាមួយស្នងការដ្ឋាននគរបាលខេត្ត និងកងរាជអាវុធហត្ថខេត្ត ដោយបានចាប់ខ្លួនជនល្មើសជនជាតិថៃម្នាក់ផងដែរ។

ជនរងគ្រោះជនជាតិថៃចំនួន ២៨នាក់ (ស្រី ១២នាក់) ត្រូវបានសង្គ្រោះដោយសុវត្ថិភាព។ បច្ចុប្បន្នកម្លាំងជំនាញកំពុងសាកសួរ និងប្រគល់ជូនអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដើម្បីធ្វើការបណ្ដេញចេញពីកម្ពុជា ខណៈទីតាំងត្រូវបានបិទជាបណ្ដោះអាសន្ន។


