សម្តេចតេជោ ហ៊ុន សែន ផ្តាំផ្ញើអាជ្ញាធរមូលដ្ឋានបន្តថែរក្សាអតីតយុទ្ធជន និងនិវត្តន៍ជន

សម្តេចតេជោ ហ៊ុន សែន ផ្តាំផ្ញើអាជ្ញាធរមូលដ្ឋានបន្តថែរក្សាអតីតយុទ្ធជន និងនិវត្តន៍ជន

ខេត្តតាកែវ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំដល់អាជ្ញាធរមូលដ្ឋានឱ្យបន្តយកចិត្តទុកដាក់គ្រប់គ្រង និងជួយមើលថែចំពោះបងប្អូនអតីតយុទ្ធជន និងនិវត្តន៍ជននៅតាមមូលដ្ឋាននានា។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងក្នុងឱកាសជួបសំណេះសំណាលជាមួយសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ និងមន្ត្រីនៃមន្ទីរ-អង្គភាពនានាជុំវិញខេត្តតាកែវ នៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦ថា ការបញ្ចូលគ្នាជាសមាគមអតីតយុទ្ធជន និងនិវត្តជន គឺជាការផ្តល់ការយកចិត្តទុកដាក់ដល់ជនស៊ីវិលចូលនិវត្តន៍ ដើម្បីជៀសវាងទុកពួកគាត់ឱ្យនៅក្នុងភាពឯកោ។

សម្តេចតេជោ ហ៊ុន សែន

សម្តេចតេជោបានគូសបញ្ជាក់ថា៖ «អ្នកទាំងនោះ ជាអ្នកយកទ្រូងការពារយើង គឺសម្រាប់អតីតយុទ្ធជន ហើយសម្រាប់និវត្តន៍ជនវិញ ដោយសារការធ្វើការរបស់គាត់កន្លងមក ទើបបន្តមកដល់ថ្ងៃនេះ»។

សម្តេចតេជោក៏បានណែនាំឱ្យរៀបចំកម្មវិធីជួបជុំផ្សេងៗ ដើម្បីផ្តល់ភាពកក់ក្តៅ និងឱ្យតម្លៃលើមន្ត្រីជើងចាស់ ដែលធ្លាប់លះបង់ក្នុងការបម្រើការងារជូនជាតិនាពេលកន្លងមក។ សម្តេចតេជោតែងតែគិតគូរពីប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ដោយមិនឃ្លាតឆ្ងាយពីមនោសញ្ចេតនារបស់ប្រជាពលរដ្ឋក្នុង និងក្រៅប្រទេសឡើយ។

ដោយ៖ សិលា

administrator

Related Articles