ខេត្តព្រៃវែង៖ រន្ទះបាញ់បានឆក់យកជីវិតស្ត្រីចំណាស់វ័យ ៧១ឆ្នាំ និងមេគោផើមមួយក្បាល ក្នុងពេលដំណាលគ្នា នៅស្រុកព្រះស្ដេច ខេត្តព្រៃវែង កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៦។

ហេតុការណ៍ដ៏សោកសៅនេះ បានកើតឡើងនៅវេលាម៉ោង ១២ និង ៣០នាទីថ្ងៃត្រង់ នៅចំណុចឃុំបឹងដោល។ ជនរងគ្រោះឈ្មោះ សំរឹទ្ធ សាម៉ុន អាយុ ៧១ឆ្នាំ ជាអ្នករស់នៅក្នុងភូមិឃុំកើតហេតុ។
តាមសមត្ថកិច្ចបានឱ្យដឹងថា នៅពេលនោះមេឃកំពុងធ្លាក់ភ្លៀងលាយឡំនឹងខ្យល់បក់យ៉ាងខ្លាំង ដោយមានការបារម្ភពីគោរបស់ខ្លួនដែលចងទុកនៅវាលស្រែខាងក្រោយផ្ទះ ស្ត្រីរងគ្រោះបាននាំគ្នាដើរទៅដឹកគោមកផ្ទះទាំងភ្លៀង ហើយពេលមកជិតដល់ផ្ទះ ក៏ត្រូវរន្ទះបាញ់ចំ បណ្ដាលឱ្យស្លាប់បាត់បង់ជីវិតភ្លាមៗ។

ក្រោយពីហេតុការណ៍នេះបានកើតឡើងប្រហែល ១ម៉ោង នៅឃុំក្រាំងស្វាយ ស្រុកព្រះស្ដេចដដែល ក៏មានករណីរន្ទះបាញ់សម្លាប់មេគោផើមមួយក្បាលទៀត ដែលម្ចាស់កំពុងចងឱ្យស៊ីស្មៅនៅវាលស្រែផងដែរ។
ក្រោយពីកើតហេតុ អាជ្ញាធរ និងសមត្ថកិច្ចបានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលមានភ្លៀងធ្លាក់ ត្រូវនាំសត្វចិញ្ចឹម និងកូនចៅចូលរកកន្លែងមានសុវត្ថិភាព ដើម្បីការពារកុំឱ្យមានគ្រោះថ្នាក់ដោយសារកត្តាធម្មជាតិបែបនេះ។
ដោយ៖ សូរិយា
