ភ្នំពេញ៖ អង្គភាពពន្ធនាគារបានឲ្យដឹងថា លោក លី សាម៉េត អាយុ ៧៣ឆ្នាំ ជាជនជាប់ឃុំនៅ មណ្ឌលអប់រំកែប្រែទី១ (ម១) ត្រូវបានរកឃើញស្លាប់នៅលើគ្រែក្នុងបន្ទប់ឃុំខ្លួន នាព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦។

តាមការបញ្ជាក់របស់អាជ្ញាធរ លោក លី សាម៉េត មានប្រវត្តិជំងឺប្រចាំកាយធ្ងន់ធ្ងរ រួមមាន ជំងឺទឹកនោមផ្អែម និង សម្ពាធឈាមខ្ពស់ តាំងពីមុនពេលបញ្ជូនមកឃុំខ្លួនក្នុងខែវិច្ឆិកា ឆ្នាំ២០២៤។ ក្នុងអំឡុងពេលឃុំខ្លួន គាត់ត្រូវបានតាមដានសុខភាពជាប្រចាំដោយក្រុមគ្រូពេទ្យប្រចាំមណ្ឌល។

អាជ្ញាធរបានបញ្ជាក់ថា នៅព្រឹកថ្ងៃកើតហេតុ បន្ទាប់ពីការប្រជុំជួររួច មន្ត្រីប្រចាំការបានចាក់សោរបញ្ចេញជនជាប់ឃុំដូចរាល់ដង ក៏ប្រទះឃើញសពលោក លី សាម៉េត នៅលើគ្រែ ក្នុងសភាពដូចកំពុងសម្រាក ប៉ុន្តែពុំមានសញ្ញាជីវិតទៀតឡើយ។ មណ្ឌលបានប្រកាសអាសន្ន និងរាយការណ៍ទៅជំនាញសុខាភិបាលភ្លាមៗ។

ទីតាំងកើតហេតុត្រូវបានបិទខ្ទប់ ដោយមានការចូលរួមពី អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ អគ្គនាយកដ្ឋានពន្ធនាគារ និង នាយកដ្ឋានជំនាញវិទ្យាសាស្ត្រនគរបាល ដើម្បីធ្វើកោសល្យវិច័យ។ ក្រោយពិនិត្យ និងពិភាក្សាជាមួយគ្រួសារសព អាជ្ញាធរឯកភាពថា មូលហេតុបឋមនៃមរណភាពគឺ ការគាំងបេះដូង រួមផ្សំនឹងជំងឺប្រចាំកាយ។
ក្រោយបញ្ចប់ការពិនិត្យ អាជ្ញាធរបានអនុញ្ញាតឲ្យគ្រួសារទទួលសពទៅរៀបចំពិធីបុណ្យតាមប្រពៃណី។ លោក នុត សវនា តំណាងអង្គភាពអនុវត្តសាលក្រម បានថ្លែងថា ការស្លាប់ជាយថាហេតុដែលមិនអាចទប់ស្កាត់បានទាំងស្រុងនោះទេ។
