ខេត្តកំពង់ស្ពឺ៖ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានបើកប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនដ៏គួរឱ្យកត់សម្គាល់មួយ នៅក្នុងស្រុកសំរោងទង ដោយអាចដកហូតសារធាតុញៀនជិត ១គីឡូក្រាម និងឃាត់ខ្លួនជនសង្ស័យម្នាក់បានភ្លាមៗ។

យោងតាមរបាយការណ៍ពីបញ្ជាការដ្ឋានអាវុធហត្ថខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង ១២:០៧ នាទីរសៀល ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ ដោយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន បានវាយឆ្មក់ទីតាំងមួយកន្លែង ស្ថិតនៅភូមិអូរវែង ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ គង់ បញ្ញា ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ននៅភូមិរកាធំ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

វត្ថុតាងដែលដកហូតបានរួមមាន៖ ម្សៅក្រាមថ្លាសង្ស័យជាសារធាតុញៀនចំនួន ១៤កញ្ចប់ធំ (ទម្ងន់ជិត១គីឡូក្រាម), ម៉ូតូចំនួន ០១គ្រឿង, ទូរសព្ទដៃចំនួន ០១គ្រឿង, ជញ្ជីងថ្លឹងចំនួន ០១គ្រឿង, ថង់ច្រកគ្រឿងញៀន ព្រមទាំងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។

បច្ចុប្បន្ននេះ ជនសង្ស័យរួមជាមួយវត្ថុតាងទាំងអស់ត្រូវបានកម្លាំងជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀន នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសំណុំរឿង និងបញ្ជូនទៅកាន់សាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕


