ភ្នំពេញ៖ លោកស្រីបណ្ឌិត គឹម សេដ្ឋានី រដ្ឋមន្ត្រីស្ដីទីក្រសួងអប់រំ យុវជន និងកីឡា នារសៀលថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦ បានទទួលជួបគណៈប្រតិភូនៃគ្រឹះស្ថានបោះពុម្ពផ្សាយនៃសាកលវិទ្យាល័យ Oxford (OUP) ដែលសម្របសម្រួលដោយលោក Dominic Williams ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា នៅទីស្តីការក្រសួង។

គោលបំណងសំខាន់នៃជំនួបនេះរួមមាន៖
• ការបង្ហាញពីគំនិតផ្តួចផ្តើមអប់រំអន្តរជាតិ៖ តំណាង OUP បានបង្ហាញកម្មវិធី «International Education Initiative» ដែលជាផែនការយុទ្ធសាស្ត្រលើកកម្ពស់គុណភាពអប់រំកម្រិតសកល។
• ការទទួលស្គាល់សញ្ញាបត្រ OxfordAQA៖ ភាគីទាំងពីរបានពិភាក្សាលម្អិតអំពីលទ្ធភាព និងយន្តការទទួលស្គាល់សញ្ញាបត្រ OxfordAQA (International GCSEs និង A-Level) នៅកម្ពុជា។ សញ្ញាបត្រនេះត្រូវបានបង្កើតឡើងក្រោមកិច្ចសហការរវាង OUP និង AQA ដែលជាស្ថាប័នប្រឡងធំជាងគេនៅចក្រភពអង់គ្លេស។

តាងនាមក្រសួង លោកស្រីបណ្ឌិត រដ្ឋមន្ត្រីស្ដីទី បានថ្លែងអំណរគុណដល់ស្ថានទូតអង់គ្លេស និងវាយតម្លៃខ្ពស់ចំពោះការធ្វើបទបង្ហាញរបស់ក្រុមការងារជំនាញលើកិច្ចការនេះ។

បច្ចុប្បន្ន កម្មវិធីអន្តរជាតិ Oxford (Oxford International Program) បានពង្រីកវត្តមានដល់ ១២ បរិវេណសាលា និងផ្តល់សេវាដល់សិស្សជាង ៣.០០០ នាក់ ដែលបញ្ជាក់ពីតម្រូវការខ្ពស់របស់សិស្សកម្ពុជាចំពោះការអប់រំស្ដង់ដារសកល។

ផ្អែកលើមូលដ្ឋាននេះ ក្រសួងនឹងបន្តពិនិត្យលើសំណើកិច្ចសហការឱ្យបានលម្អិតបន្ថែម ដើម្បីធានាការអនុវត្តកម្មវិធីសិក្សា និងស្ដង់ដារគ្រូបង្រៀន រួមចំណែកលើកកម្ពស់គុណភាពអប់រំ និងផ្តល់អត្ថប្រយោជន៍អតិបរមាដល់យុវជនកម្ពុជា៕

ដោយ៖ តារា
