ខេត្តតាកែវ៖ កម្លាំងចម្រុះក្រោមការបញ្ជាផ្ទាល់ពីលោក កង អាណាន់ អភិបាលស្រុកអង្គរបូរីថ្មី បានបើកប្រតិបត្តិការស្ទាក់ចាប់បានទូកដឹកសាច់បង្កកខុសច្បាប់មួយគ្រឿង ដែលលួចនាំចូលពីប្រទេសវៀតណាម កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦។

ប្រភពពីកងរាជអាវុធហត្ថស្រុកបានឲ្យដឹងថា ទូកដឹកសាច់បង្កកនេះធ្លាប់ដឹកជញ្ជូនចូលមកជាច្រើនលើករួចមកហើយ ដោយគ្មានឯកសារត្រឹមត្រូវ និងមិនដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ឡើយ។ ប៉ុន្តែក្រោយលោក កង អាណាន់ ចូលកាន់តំណែងថ្មី លោកបានបញ្ជាកម្លាំងឲ្យសហការជាមួយគយចល័ត រហូតអាចចាប់ឃាត់បានទូកខាងលើនេះ។

សាច់បង្កកដែលប្រកាន់ភ្ជាប់នឹងសាច់មាន់ទម្ងន់ជិត ២តោននេះ អាចប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងសុវត្ថិភាពស្បៀងអាហារយ៉ាងធ្ងន់ធ្ងរ។ បច្ចុប្បន្នសាច់បង្កកត្រូវបានរក្សាទុកជាបណ្តោះអាសន្ន ខណៈមន្ត្រីជំនាញកំពុងបន្តត្រួតពិនិត្យគុណភាព និងឯកសារពាក់ព័ន្ធ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។

សមត្ថកិច្ចបានអំពាវនាវដល់អាជីវករ និងអ្នកដឹកជញ្ជូនទំនិញទាំងអស់ត្រូវគោរពច្បាប់ និងជៀសវាងការនាំចូលទំនិញខុសច្បាប់ ដែលអាចប្រឈមការផាកពិន័យ និងចាត់ការតាមនីតិវិធីច្បាប់ជាធរមាន។ សាច់បង្កកនេះត្រូវបានប្រគល់ឲ្យមន្ត្រីគយចល័តដើម្បីត្រួតពិនិត្យបន្ត។
