កំពង់ធំ៖ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាអនុប្រធានប្រចាំការសមាគមអតីតយុទ្ធជនខេត្ត តំណាងលោក នួន ផារ័ត្ន អភិបាលខេត្ត បានដឹកនាំប្រតិភូចុះប្រគល់ផ្ទះថ្មីខ្នងទី៤៩២ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនដល់ក្រុមគ្រួសារអតីតយុទ្ធជនពលី នៅភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៦។

លោក ឃីម សុខឃាង អភិបាលស្រុកប្រាសាទសំបូរ បានឱ្យដឹងថា អ្នកទទួលផ្ទះថ្មីនេះគឺលោកស្រី ព្រឹម សក ជាស្ត្រីមេម៉ាយរបស់លោក ពលបាលទោ ឡុង ជឿន អតីតយុទ្ធជនពលីដោយសារសង្គ្រាម ដែលធ្លាប់បម្រើការនៅអង្គភាពយោធាស្រុកប្រាសាទសំបូរ តាំងពីឆ្នាំ១៩៨៣ និងបានពលីជីវិតក្នុងសមរភូមិទួលសំបូរ នៅឆ្នាំ១៩៩០ ដោយបន្សល់ទុកកូនចំនួន៣នាក់។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ក្នុងរយៈពេលជាង១០ឆ្នាំកន្លងមក សម្តេចតេជោ និងសម្តេចធិបតី បានសម្រេចផ្តល់ផ្ទះចំនួន៤៩២ខ្នង ក្នុងនោះសាងសង់ជូនអតីតយុទ្ធជនដែលគ្មានដីគ្មានផ្ទះចំនួន២០៦ខ្នង និងផ្តល់ដីសម្បទានសង្គមកិច្ចមួយហិកតាកន្លះក្នុងមួយគ្រួសារ នៅមណ្ឌលអភិវឌ្ឍន៍អតីតយុទ្ធជន មរតកតេជោថ្លុកព្រីង ឃុំក្រយា ស្រុកសន្ទុក និង២៨៦ខ្នងផ្ទះទៀតសង់ជូនអតីតយុទ្ធជនដែលមានដីគ្មានផ្ទះនៅតាមមូលដ្ឋាននានា ទូទាំងខេត្តកំពង់ធំ។

ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន និងលោក ឃីម សុខឃាង ក៏បាននាំយកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ដែលជាអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភបន្ថែមជូនក្រុមគ្រួសារអតីតយុទ្ធជនពលីផងដែរ៕
