រាជធានីភ្នំពេញ ៖ ស្ថានភាពគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជានៅតែបន្តជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរ បន្ទាប់ពីរយៈពេល ២៤ម៉ោង គិតចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ មានគ្រោះថ្នាក់កើតឡើងរហូតដល់ ៧លើក បណ្ដាលឲ្យមនុស្សស្លាប់ចំនួន ៥នាក់ និងរបួសសរុប ៧នាក់។
នេះបើតាមទិន្នន័យពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ ក្នុងចំណោមអ្នកស្លាប់ទាំង ៥នាក់ គឺជាបុរសទាំងអស់ ដោយគ្មានជនរងគ្រោះជាស្ត្រីឡើយ។
ចំពោះអ្នករបួសវិញ ក្នុងចំណោម ៧នាក់ មានស្ត្រី ២នាក់ ដោយក្នុងនោះរបួសធ្ងន់ ៥នាក់ (ស្រី ២នាក់) និងរបួសស្រាល ២នាក់ (ស្រី ០នាក់)។ គួរឲ្យកត់សម្គាល់ អ្នករងរបួសដែលមិនពាក់មួកសុវត្ថិភាពមានចំនួន ៥នាក់ ក្នុងនោះកើតឡើងនៅពេលយប់ចំនួន ៣នាក់។

ទាក់ទងនឹងមូលហេតុនៃការកើតគ្រោះថ្នាក់ របាយការណ៍បានបញ្ជាក់ថា ការល្មើសល្បឿនជាប់ចំណាត់ថ្នាក់កំពូល ដោយបង្កបាន ៣លើក ស្លាប់ ៣នាក់ របួសធ្ងន់ ១នាក់ និងរបួសស្រាល ២នាក់។ បន្ទាប់មក ការមិនគោរពសិទ្ធិ ២លើក និងមិនប្រកាន់ស្ដាំ ១លើក និងការបើកបរក្នុងស្ថានភាពស្រវឹង ១លើក ដែលបណ្ដាលឲ្យស្លាប់មនុស្ស ១នាក់ផងដែរ។
