នាយករដ្ឋមន្ដ្រីស្ដីទីកម្ពុជា-សិង្ហបុរី ពង្រឹងសហប្រតិបត្តិការប្រឆាំងបទល្មើសតាមបច្ចេកវិទ្យា និងគ្រឿងញៀន

នាយករដ្ឋមន្ដ្រីស្ដីទីកម្ពុជា-សិង្ហបុរី ពង្រឹងសហប្រតិបត្តិការប្រឆាំងបទល្មើសតាមបច្ចេកវិទ្យា និងគ្រឿងញៀន

ភ្នំពេញ៖ លោកសន្ដិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្ដ្រីស្ដីទីនៃកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោក Steven Pang Chee Wee ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋសិង្ហបុរីប្រចាំកម្ពុជា។

ជំនួបកម្ពុជា-សិង្ហបុរី

ថ្លែងក្នុងឱកាសនោះ លោកសន្ដិបណ្ឌិត នេត សាវឿន បានរំលឹកពីទំនាក់ទំនងរវាងកម្ពុជា-សិង្ហបុរី ដែលត្រូវបានពូនជ្រំឡើងដោយសម្ដេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងលោក លី ក្វាន់យូ ដោយផ្ដោតលើការកសាង និងអភិវឌ្ឍន៍ប្រទេស។ លោកបានបញ្ជាក់ថា ការអភិវឌ្ឍរីកចម្រើនរបស់កម្ពុជាមិនអាចកាត់ផ្ដាច់ពីការចូលរួមចំណែករបស់សិង្ហបុរីបានទេ។

លោកនាយករដ្ឋមន្ដ្រីស្ដីទីបានបង្ហាញពីការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការជំរុញការអភិវឌ្ឍ និងធានាសន្ដិសុខ សណ្ដាប់ធ្នាប់ និងស្ថេរភាព។ បច្ចុប្បន្នកម្ពុជាកំពុងប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដោយសហការផ្ទាល់ជាមួយសិង្ហបុរី និងបណ្ដាប្រទេសក្នុងតំបន់។

ជំនួបទ្វេភាគី

លោកសន្ដិបណ្ឌិត នេត សាវឿន បានគូសបញ្ជាក់ថា បទល្មើស Online Scams ជាបញ្ហាសកល និងជាបទល្មើសឆ្លងដែន ដែលទាមទារឲ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត។ លោកបានបញ្ជាក់ថា កម្ពុជាបានដោះស្រាយបញ្ហាធំៗរួចហើយ ដោយក្រុមឧក្រិដ្ឋជនភាគច្រើនជាជនបរទេស។

ជាការឆ្លើយតប លោក Steven Pang Chee Wee ឯកអគ្គរដ្ឋទូតសិង្ហបុរី បានលើកឡើងថា សិង្ហបុរីយកចិត្តទុកដាក់យ៉ាងខ្លាំងលើការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយផ្តោតលើការលុបបំបាត់ការជួញដូរគ្រឿងញៀនខុសច្បាប់ និងការយកចិត្តទុកដាក់លើជនរងគ្រោះ។ លោកបានបន្ថែមថា ការប្រយុទ្ធប្រឆាំង Online Scams ជាបញ្ហាសកលដែលត្រូវការការឆ្លើយតបជាសកល មិនមែនសម្រាប់តែប្រទេសណាមួយទេ។

កិច្ចពិភាក្សា

លោកឯកអគ្គរដ្ឋទូតបានបន្តថា សិង្ហបុរីតែងតែធ្វើការជិតស្និទ្ធជាមួយ UNODC, Interpol និងសម្ព័ន្ធប្រឆាំងការឆបោកសកល ដែលបានពង្រីកកិច្ចសហប្រតិបត្តិការរហូតដល់អាហ្វ្រិកខាងត្បូង ហើយក៏មានបំណងពង្រីកសមាជិកភាពជាមួយបណ្ដាប្រទេសអាស៊ាន រួមទាំងកម្ពុជាផងដែរ។

ឯកអគ្គរដ្ឋទូតសិង្ហបុរី

ជាមួយគ្នានោះ លោកសន្តិបណ្ឌិត នេត សាវឿន បានថ្លែងអំណរគុណ និងគាំទ្រចំពោះការលើកឡើងរបស់លោកឯកអគ្គរដ្ឋទូត ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសិង្ហបុរី ឲ្យកាន់តែរឹងមាំបន្ថែមទៀត។

ជំនួបសំខាន់
កម្ពុជា-សិង្ហបុរី

ដោយ៖ តារា

administrator

Related Articles