សមត្ថកិច្ចបញ្ជូនឈ្មួញស្រីនាំចូលទុរេនថៃខុសច្បាប់ទៅតុលាការ រកឃើញដឹកជញ្ជូន៣លើកជាង២តោន

សមត្ថកិច្ចបញ្ជូនឈ្មួញស្រីនាំចូលទុរេនថៃខុសច្បាប់ទៅតុលាការ រកឃើញដឹកជញ្ជូន៣លើកជាង២តោន

ខេត្តបាត់ដំបង៖ សមត្ថកិច្ចខេត្តបាត់ដំបងបានសម្រេចនាំខ្លួនស្ត្រីឈ្មួញម្នាក់ដែលប្រព្រឹត្តល្មើសនឹងបម្រាមរបស់រាជរដ្ឋាភិបាល ដោយនាំចូលផ្លែទុរេនពីប្រទេសថៃដោយខុសច្បាប់ បញ្ជូនទៅតុលាការកាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦។

ឈ្មួញទុរេនខុសច្បាប់

លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបញ្ជាក់នៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦ថា ជនសង្ស័យឈ្មោះ ព្រឿន សាក់ឡែន ភេទស្រី អាយុ ៣១ឆ្នាំ ត្រូវបានកម្លាំងការិយាល័យជំនាញកសាងសំណុំរឿងស្រេច និងនាំខ្លួនបញ្ជូនទៅតុលាការរួចរាល់។

ជនសង្ស័យរស់នៅភូមិចាំចាប ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ត្រូវបានសមត្ថកិច្ចកោះហៅឱ្យចូលខ្លួនមកបំភ្លឺកាលពីថ្ងៃទី០៤ ខែឧសភា និងឃាត់ខ្លួនបណ្តោះអាសន្នជាបន្តបន្ទាប់។ ក្នុងការសាកសួរ ជនរងចោទបានឆ្លើយសារភាពថា ខ្លួនបានទំនាក់ទំនងជាមួយជនជាតិដែលធ្លាប់រកស៊ីជាមួយគ្នា ដើម្បីទិញផ្លែទុរេនពីប្រទេសថៃដោយខុសច្បាប់ចំនួន ៣លើក សរុបប្រមាណ ២០០០គីឡូក្រាម តាមការបញ្ជាទិញពីម៉ូយនៅខេត្តកំពង់ចាម ចន្លោះខែមេសា និងដើមខែឧសភា ឆ្នាំ២០២៦។

ឈ្មួញទុរេនខុសច្បាប់

លោកស្នងការបន្ថែមថា ចំណែកអ្នកបញ្ជាទិញនៅខេត្តកំពង់ចាម ក៏ត្រូវបានដាក់បញ្ចូលក្នុងសំណុំរឿងដើម្បីស្នើសុំអនុវត្តនីតិវិធីរួមគ្នាផងដែរ។

ដោយ៖ ជ្រោយពេជ្រ

administrator

Related Articles