ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានណែនាំដល់មន្ទីររៀបចំដែនដី រាជធានី-ខេត្ត ឱ្យអនុវត្តយន្តការផ្តល់សេវាសាធារណៈរហ័ស (Express Service) លើសេវាសុរិយោដី ដើម្បីសម្រួល និងពន្លឿនការចុះបញ្ជី និងចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ និងធុរជន។

ការណែនាំនេះធ្វើឡើងតាមសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី៤ ខែខុសភា ឆ្នាំ២០២៦ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងគោលបំណងឆ្លើយតបនឹងតម្រូវការប្រជាពលរដ្ឋ និងការវិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងបច្ចេកវិទ្យា។
ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានណែនាំវិធានការសំខាន់ៗចំនួន៣ ដូចខាងក្រោម៖
ទី១៖ មន្ទីរ ដ.ន.ស.ស. រាជធានី ខេត្ត ត្រូវបង្កើតក្រុមការងារផ្តល់សេវាសាធារណៈរហ័សលើសេវាសុរិយោដី ដែលដឹកនាំដោយប្រធានមន្ទីរផ្ទាល់។
ទី២៖ ត្រូវចាត់តាំងមន្ត្រីទទួលបន្ទុកផ្នែកទំនាក់ទំនងចំនួន ០២រូប ដែលមានគុណវុឌ្ឍគ្រប់គ្រាន់ ភ្ជាប់មកជាមួយលេខទូរស័ព្ទ ដើម្បីទំនាក់ទំនង ប្រគល់-ទទួលសំណុំឯកសារស្នើសុំសេវារហ័ស ព្រមទាំងផ្តល់ព័ត៌មានជូនអ្នកប្រើប្រាស់សេវាបានទាន់ពេលវេលា។
ទី៣៖ រាល់សំណុំឯកសារដែលកកស្ទះ ឬមានបញ្ហា មន្ទីរត្រូវបញ្ជូនមកក្រសួង ដ.ន.ស. ដោយបញ្ជាក់ពីមូលហេតុ និងលើកយោបល់ដោះស្រាយ ដើម្បីពិនិត្យ និងសម្រេច។
សូមប្រធានមន្ទីរទាំងអស់ ចាត់ចែងអនុវត្តឱ្យមានប្រសិទ្ធភាព។
