ព្យុះហាហ្គូពីតប៉ះពាល់ខ្យល់មូសុង បណ្តាខេត្តនិងភ្នំពេញប្រឈមភ្លៀងធ្លាក់ ២៥% ចាប់ពីថ្ងៃទី៨ ឧសភា

ព្យុះហាហ្គូពីតប៉ះពាល់ខ្យល់មូសុង បណ្តាខេត្តនិងភ្នំពេញប្រឈមភ្លៀងធ្លាក់ ២៥% ចាប់ពីថ្ងៃទី៨ ឧសភា

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងនៅព្រឹកថ្ងៃទី៨ ឧសភា ឆ្នាំ២០២៦នេះ អំពីស្ថានភាពធាតុអាកាស ខណៈសម្ពាធទាបនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងលិចបានវិវត្តទៅជាព្យុះទី៥ ឈ្មោះ ហាហ្គូពីត (Hagupit) T2605 ដែលកំពុងមានឥទ្ធិពលលើរបបខ្យល់មូសុងនិរតី។ ទោះជាយ៉ាងណា កម្ពុជាពុំស្ថិតនៅលើគន្លងផ្លូវដើររបស់ព្យុះនេះទេ។

អាកាសធាតុ

ក្រសួងបានបញ្ជាក់ថា ចាប់ពីថ្ងៃទី៨ ដល់ទី១០ ឧសភា ឆ្នាំ២០២៦ តំបន់វាលទំនាបមានសីតុណ្ហភាពចន្លោះ ២៥°C ដល់ ៣៦°C ខ្យល់បក់ពីទិសបូព៌ និងអាគ្នេយ៍ល្បឿន ២ម៉ែត្រ/វិនាទី ខណៈខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ស្វាយរៀង ព្រៃវែង តាកែវ កណ្តាល និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់ ២៥%។

អាកាសធាតុខ្ពង់រាប

តំបន់ខ្ពង់រាបមានសីតុណ្ហភាព ២៤°C ដល់ ៣៦°C ខ្យល់បក់ពីទិសឦសាន និងបូព៌ាល្បឿន ៣ម៉ែត្រ/វិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ ២០%។

តំបន់មាត់សមុទ្រមានសីតុណ្ហភាព ២៥°C ដល់ ៣៥°C ខ្យល់បក់ពីទិសនិរតី និងអាគ្នេយ៍ល្បឿន ២ម៉ែត្រ/វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ ២៥% រីឯរលកសមុទ្រមានកម្ពស់ពី ០,៥០ ទៅ ១,០០ម៉ែត្រ៕

administrator

Related Articles