ភ្នំពេញ៖ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ក្នុងករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដែលផ្តើមចេញពីទំនាស់ពាក្យសំដីគ្នា ក្រោយកើតគ្រោះថ្នាក់ចរាចរណ៍ កាលពីវេលាម៉ោង ០០:២៩ នាទី រំលងអាធ្រាត្រ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦ នៅតាមដងផ្លូវសាធារណៈ ចំណុចផ្លូវលេខ២៨៧ កែងផ្លូវលេខ៦១៤ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីមន្ត្រីនគរបាលខណ្ឌទួលគោកបានឲ្យដឹងថា ជនសង្ស័យទាំង ៣នាក់ មានជនជាតិចិនចំនួន ២នាក់ និងជនជាតិខ្មែរ ១នាក់ បានប្រើដៃ និងដំបង ដេញវាយគ្នាទៅវិញទៅមក បណ្តាលឲ្យរបួសទាំងសងខាងស្រាល។
ជនសង្ស័យក្រុមទី១ រួមមានឈ្មោះ ខាយ បណ្ឌិត ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅខណ្ឌទួលគោក បានរងរបួសកដៃខាងស្តាំ និងពកក្បាល (ដោយសារជនសង្ស័យឈ្មោះ YE ZHAOXUE វាយដោយដុំថ្ម)។ វត្ថុតាងចាប់យករួមមានម៉ូតូ YAMAHA R15 ពណ៌ក្រហម និងទូរស័ព្ទដៃ ០១គ្រឿង។

ចំណែកជនសង្ស័យក្រុមទី២ រួមមានឈ្មោះ YE ZHAOXUE (អាយុ ៤០ឆ្នាំ) និង LIN JIHONG (អាយុ ៣១ឆ្នាំ) ជនជាតិចិន មុខរបរជាងភ្លើង។ ជនសង្ស័យឈ្មោះ YE ZHAOXUE រងរបួសបែកបបូរមាត់ខាងក្រោម និងស្នាមលើក (ដោយសារជនសង្ស័យឈ្មោះ ខាយ បណ្ឌិត ចាប់ក្បាលអុក និងជង្គង់)។

វត្ថុតាងចាប់យកពីក្រុមទី២ រួមមានរថយន្ត TOYOTA PRIUS ពណ៌ទឹកប្រាក់ ទូរស័ព្ទដៃចំនួន ២គ្រឿង និងលិខិតឆ្លងដែនចំនួន ១ក្បាល។

បច្ចុប្បន្នជនសង្ស័យទាំង ៣នាក់ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងចាត់ការតាមនីតិវិធី៕
