ខេត្តកំពង់ស្ពឺ៖ ប្ដីប្រពន្ធមួយគូរ ប្រព្រឹត្តអំពើលួចម៉ូតូប្រជាពលរដ្ឋ ត្រូវបានសមត្ថកិច្ចស្រុកសាមគ្គីមុនីជ័យ ដឹកនាំដោយលោកវរៈសេនីយ៍ទោ សាវ សុភក្តី ចាប់ខ្លួនបានភ្លាមៗ ក្នុងរយៈពេលត្រឹមតែ ២៥នាទីប៉ុណ្ណោះ ក្រោយទទួលព័ត៌មានពីប្រជាពលរដ្ឋ។

ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ០៩:៤០នាទី នៅចំណុចភូមិតានី ឃុំក្រាំងចេក។ ជនសង្ស័យទាំងពីរនាក់ត្រូវបានសមត្ថកិច្ចកំណត់អត្តសញ្ញាណរួមមាន៖ ឈ្មោះ បុត្រ កុង (ប្រុស អាយុ២២ឆ្នាំ) និង ឈ្មោះ ណែម ចន្ធី (ស្រី អាយុ២០ឆ្នាំ) រស់នៅភូមិព្រៃរងៀង ឃុំស្នួល ស្រុកក្រឡាញ់ ខេត្តសៀមរាប។
ជនរងគ្រោះឈ្មោះ លឹម សារ៉ាយ (ស្រី អាយុ៤០ឆ្នាំ) បានជិះម៉ូតូម៉ាក Beat ពណ៌ក្រហមលាយស សេរីឆ្នាំ២០២២ គ្មានផ្លាកលេខ មកទុកនៅមុខផ្ទះ ដោយពុំបានដកសោចេញ។ ភ្លាមៗនោះ គូស្វាមីភរិយាខាងលើបានឆ្លៀតឱកាសលួចយកទៅបាត់។
ក្រោយទទួលបានព័ត៌មាន កម្លាំងអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល បានដេញតាមរហូតដល់ចំណុចភូមិត្រពាំងអន្ទង់ ឃុំចាន់សែន ទើបឃាត់ខ្លួនជនសង្ស័យបានទាំងពីរនាក់។ បច្ចុប្បន្ន ជនសង្ស័យកំពុងត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់បន្ត៕
