ខេត្តកំពង់ស្ពឺ៖ ចោរលួចម៉ូតូអ្នកលក់ដូរនៅផ្លូវជាតិលេខ៣ ចៃដន្យជិះរត់បុករថយន្តពីក្រោយបណ្តាលឱ្យរបួសបាក់ជើង ទើបត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានយ៉ាងងាយ។

ដោយអនុវត្តតាមបញ្ជាដឹកនាំរបស់ លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ សមត្ថកិច្ចបានសហការឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងករណីចោរកម្មលួចម៉ូតូ១គ្រឿង នៅត្រង់ចំណុចភូមិត្រពាំងមាន ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង៣ទាបភ្លឺ។
ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនរួមជាមួយម៉ូតូ១គ្រឿង ម៉ាក Honda Dream C125 ឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ផ្លាកលេខស្វាយរៀង 1N-9476 នៅចំណុចភូមិអន្លង់រមៀត ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មានឈ្មោះ ម៉ា នាង ភេទប្រុស អាយុ៣៨ឆ្នាំ បច្ចុប្បន្នរស់នៅភូមិពុំឥដ្ឋ ឃុំព្រៃក្រពើក ស្រុកគីរីវង់ ខេត្តតាកែវ។
រីឯម៉ូតូជារបស់ជនរងគ្រោះឈ្មោះ ហ៊ន់ សុខជា ភេទប្រុស រស់នៅភូមិព្រៃរកា ឃុំដូនស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដែលបានបញ្ឈប់ទុកក្បែរកន្លែងលក់ដូរនៅលើផ្លូវជាតិលេខ៣។
តាមការបញ្ជាក់ពី លោកវរសេនីយ៍ឯក យ៉ាង សុខលី អធិការនគរបាលស្រុកគងពិសី បានឱ្យដឹងថា ក្រោយទទួលព័ត៌មានករណីលួចម៉ូតូ លោកបានបញ្ជាឱ្យគ្រប់ប៉ុស្តិ៍នគរបាលរដ្ឋបាលដែលនៅជិតកន្លែងកើតហេតុ សហការបន្ទាន់ និងរាយការណ៍បន្តសុំកិច្ចសហការពីស្រុកជាប់ព្រំប្រទល់ ដើម្បីពិនិត្យលើភិនភាគជនសង្ស័យ និងមធ្យោបាយដែលបាត់បង់ពីជនរងគ្រោះ ទើបទទួលបានលទ្ធផលដូចពេលនេះ។
ករណីខាងលើនេះ សមត្ថកិច្ចបាននាំយកជនសង្ស័យទៅកាន់អធិការដ្ឋាននគរបាលស្រុកគងពិសី ដើម្បីសួរនាំ និងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌខេត្ត ចាត់ការតាមនីតិវិធីបន្ត។
