ខេត្តស្វាយរៀង៖ កម្លាំងនគរបាលស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ពាក់ព័ន្ធនឹងករណីជួញដូរ ដឹកជញ្ជូន និងប្រើប្រាស់ខុសច្បាប់នូវសារធាតុញៀន បញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមផ្លូវច្បាប់។

នគរបាលបានឲ្យដឹងនៅរសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ថា ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦ កម្លាំងនគរបាលអធិការដ្ឋាននគរបាលស្រុកចន្ទ្រា ដឹកនាំដោយលោក ជិនសុភឿន អធិការ បានដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ និងបង្ការបង្ក្រាបបទល្មើសគ្រប់ប្រភេទ។

កម្លាំងសមត្ថកិច្ចបានឃាត់រថយន្តចំនួន ០១គ្រឿង ដែលបុរសជនជាតិខ្មែរម្នាក់បានស៊ីឈ្នួលដឹកគ្រឿងញៀន និងបាននាំខ្លួនមកសាកសួរ។ ក្រោយពីជនសង្ស័យបានឆ្លើយសារភាព និងអនុវត្តតាមវិធានការណ៍ជំនាញ សមត្ថកិច្ចបានឈានទៅឃាត់ខ្លួនបក្សពួកចាំទទួលគ្រឿងញៀនចំនួន ០២នាក់ទៀត ដែលជាជនជាតិវៀតណាម។

វត្ថុតាងដកហូតបានរួមមាន៖ គ្រឿងញៀនចំនួន ១,២៦២,២៨ក្រាម (១គីឡូ ២៦២,២៨ក្រាម), រថយន្ត ០១គ្រឿង, ទូរស័ព្ទ ០៣គ្រឿង និងសម្ភារប្រើប្រាស់មួយចំនួនទៀត។

បច្ចុប្បន្ន ជនសង្ស័យទាំង ០៣នាក់ រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
