ឃាត់ខ្លួនក្មេងទំនើង១នាក់ ករណីវាយកាប់ម៉ូតូពលរដ្ឋក្នុងស្រុកស្នួល រកឃើញវត្ថុតាងម៉ូតូ១គ្រឿង

ឃាត់ខ្លួនក្មេងទំនើង១នាក់ ករណីវាយកាប់ម៉ូតូពលរដ្ឋក្នុងស្រុកស្នួល រកឃើញវត្ថុតាងម៉ូតូ១គ្រឿង

ខេត្តក្រចេះ៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកស្នួល បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីក្រុមក្មេងទំនើង៦នាក់ ជិះម៉ូតូ៣គ្រឿង ប្រើកាំបិតផ្គាក់កាប់ម៉ូតូពលរដ្ឋមួយគ្រឿង បណ្ដាលឲ្យខូចខាតយ៉ាងដំណំ នៅក្នុងភូមិសាស្ត្រស្រុកស្នួល ខេត្តក្រចេះ។

វត្ថុតាងម៉ូតូ

ប្រភពព័ត៌មានបានឲ្យដឹងថា ករណីនេះត្រូវបានបង្ហោះតាមគណនីហ្វេសប៊ុកផេកឈ្មោះ “POV SHOP” ភ្ជាប់ជាមួយវីដេអូសកម្មភាព និងសរសេររៀបរាប់ថា៖ «សាហាវណាស់លោកអើយ ក្មេងៗឥឡូវ ស្រុកស្នួល ខេត្តក្រចេះ» ដែលបានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើល និងរិះគន់យ៉ាងខ្លាំងលើទង្វើហិង្សានេះ។

សកម្មភាពសមត្ថកិច្ច

ក្រោយទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញបានបើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបានចំនួន១នាក់ ដែលមានទីលំនៅនៅភូមិស្នួលកើត ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចក៏បានដកហូតវត្ថុតាងម៉ូតូ១គ្រឿង ម៉ាកសាទ្រីម ពណ៌ខ្មៅលាយខៀវ គ្មានផ្លាកលេខ ផងដែរ។

ការឃាត់ខ្លួនជនសង្ស័យ

ចំណែកបក្ខពួកចំនួន៥នាក់ទៀត ដែលកំពុងរត់គេចខ្លួន សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវតាមស្វែងរក ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ ជាមួយគ្នានេះ អធិការដ្ឋាននគរបាលស្រុកស្នួល ក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់បណ្ដាញសង្គម ដែលបានចូលរួមផ្តល់ព័ត៌មាន ជួយដល់ការបង្ក្រាបបទល្មើស និងរក្សាសន្តិសុខសង្គម៕

ដោយ៖ សូរិយា

administrator

Related Articles