ស្រុកបាភ្នំនាំគណៈប្រតិភូទៅសិក្សាបទពិសោធន៍អភិវឌ្ឍន៍ជនបទនៅចិន ពង្រឹងរដ្ឋបាលឌីជីថល

ស្រុកបាភ្នំនាំគណៈប្រតិភូទៅសិក្សាបទពិសោធន៍អភិវឌ្ឍន៍ជនបទនៅចិន ពង្រឹងរដ្ឋបាលឌីជីថល

ភ្នំពេញ៖ គណៈប្រតិភូរដ្ឋបាលស្រុកបាភ្នំ ខេត្តព្រៃវែង ដឹកនាំដោយលោក ម៉ននី បណ្ឌិត អភិបាលស្រុក កំពុងបំពេញទស្សនកិច្ចសិក្សារយៈពេល ៦ថ្ងៃ (៩-១៤ ឧសភា ២០២៦) នៅសាធារណរដ្ឋប្រជាមានិតចិន ក្នុងគោលដៅដកស្រង់បទពិសោធន៍លើការគ្រប់គ្រងរដ្ឋបាល និងការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថលនៅថ្នាក់មូលដ្ឋាន។

គណៈប្រតិភូស្រុកបាភ្នំ នៅចិន

លោក ម៉ននី បណ្ឌិត បានថ្លែងថា គណៈប្រតិភូទាំង១០រូបបានសិក្សាពីគំរូកាត់បន្ថយភាពក្រីក្រ និងការប្រែក្លាយតំបន់ជនបទដាច់ស្រយាលឱ្យទៅជាតំបន់សេដ្ឋកិច្ចរីកចម្រើន។ លោកបញ្ជាក់ថា ចក្ខុវិស័យដឹកនាំ និងការចូលរួមរបស់ពលរដ្ឋចិន ជាធាតុចូលសំខាន់សម្រាប់យកមកសម្របអនុវត្តតាមបរិបទស្រុកបាភ្នំ។

ការសិក្សារដ្ឋបាលឌីជីថល

អភិបាលស្រុកបន្តថា ដោយផ្អែកលើសក្តានុពលកសិកម្មរបស់ស្រុក គណៈប្រតិភូផ្តោតលើការប្រើប្រាស់បច្ចេកវិទ្យាបង្កើនទិន្នផល និងប្រសិទ្ធភាពផលិតកម្ម ព្រមទាំងប្រព័ន្ធទិន្នន័យគ្រប់គ្រងសេវាសាធារណៈ ដើម្បីផ្តល់សេវារហ័ស ទាន់ចិត្ត និងមានតម្លាភាព។

កិច្ចពិភាក្សាការងារ

លោកបញ្ជាក់ថា «បទពិសោធន៍ដែលទទួលបាន នឹងក្លាយជាមេរៀនមាសសម្រាប់កែច្នៃភូមិ-ឃុំ ក្នុងស្រុកបាភ្នំ ឱ្យមានវឌ្ឍនភាព ប្រកបដោយបរិយាបន្ន និងបច្ចេកវិទ្យា»។

គណៈប្រតិភូថតរូបអនុស្សាវរីយ៍

ទស្សនកិច្ចនេះក៏ជាឱកាសចងសម្ព័ន្ធភាពជាមួយក្រុង-ស្រុកគំរូរបស់ចិន បើកផ្លូវឱ្យមានការវិនិយោគលើវិស័យទេសចរណ៍ វប្បធម៌ និងការផ្លាស់ប្តូរធនធានមនុស្ស ដែលជាសសរស្តម្ភទ្រទ្រង់ «សហគមន៍ជោគវាសនារួម កម្ពុជា-ចិន» នៅកម្រិតមូលដ្ឋាន។

តាមរយៈការដកស្រង់ «រូបមន្តជោគជ័យ» ពីមហាអំណាចសេដ្ឋកិច្ចទី២ រដ្ឋបាលស្រុកបាភ្នំរំពឹងបង្កើតគំរូទំនើបកម្មរដ្ឋបាលថ្នាក់ក្រោមជាតិ ជាមេរៀនសម្រាប់ស្រុកដទៃទៀតទូទាំងកម្ពុជា ក្នុងយុគសម័យឌីជីថលនេះ៕

ដោយ ៖ សិលា

administrator

Related Articles