ផ្លូវការ! រដ្ឋសភាអនុម័តច្បាប់កាតព្វកិច្ចយោធា ដោយគ្មានសំឡេងជំទាស់ យុវជនអាយុ១៨-២៥ឆ្នាំត្រូវចូលបម្រើកងទ័ពជាប្រុសជាកាតព្វកិច្ច ស្រីស្ម័គ្រចិត្ត

ផ្លូវការ! រដ្ឋសភាអនុម័តច្បាប់កាតព្វកិច្ចយោធា ដោយគ្មានសំឡេងជំទាស់ យុវជនអាយុ១៨-២៥ឆ្នាំត្រូវចូលបម្រើកងទ័ពជាប្រុសជាកាតព្វកិច្ច ស្រីស្ម័គ្រចិត្ត

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦នេះ រដ្ឋសភាកម្ពុជា បានបោះឆ្នោតអនុម័តជាផ្លូវការលើសេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា ដោយទទួលបានការគាំទ្រពីសមាជិកសភាទាំងអស់ ពោលគឺ ១១៤ លើ ១១៤ សំឡេង គ្មានសំឡេងជំទាស់ និងគ្មានអ្នកអវត្តមាន។

រដ្ឋសភាកម្ពុជា

ក្រោយការអនុម័ត សេចក្តីព្រាងច្បាប់នេះ នឹងត្រូវបញ្ជូនបន្តទៅព្រឹទ្ធសភាជាតិ ដើម្បីពិភាក្សា និងអនុម័តជាបន្តបន្ទាប់ មុននឹងចូលជាធរមាន។

សេចក្តីព្រាងច្បាប់ស្តីពី «កាតព្វកិច្ចយោធា» មានរចនាសម្ព័ន្ធ ៨ជំពូក និង ២០មាត្រា ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ពិនិត្យកែសម្រួលខ្លឹមសារសំខាន់ៗមួយចំនួន។ ក្នុងនោះ រយៈពេលបំពេញកាតព្វកិច្ចយោធាត្រូវបានកែសម្រួលពី ១៨ខែ ទៅ ២៤ខែវិញ ដើម្បីឲ្យស្របតាមស្តង់ដារអន្តរជាតិដែលអនុវត្តនៅតាមបណ្តាប្រទេសជាច្រើន។

សម័យប្រជុំរដ្ឋសភា

យោងតាមសេចក្តីព្រាងច្បាប់ ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ដែលមានអាយុចន្លោះពី ១៨ឆ្នាំ ដល់ ២៥ឆ្នាំ ត្រូវតែបំពេញកាតព្វកិច្ចយោធា។ ទោះជាយ៉ាងណា សម្រាប់ស្ត្រី ការបំពេញកាតព្វកិច្ចយោធាគឺផ្អែកលើការស្ម័គ្រចិត្ត។

តាមគម្រោង ច្បាប់នេះនឹងចាប់ផ្ដើមអនុវត្តជាផ្លូវការនៅឆ្នាំ ២០២៦នេះ ដោយការចុះឈ្មោះនឹងចាប់ផ្ដើមពីយុវជនដែលមានអាយុ ១៧ឆ្នាំ។ ចំពោះបុគ្គលដែលមិនជាប់កាតព្វកិច្ចយោធា រួមមាន ព្រះសង្ឃ បុព្វជិតសាសនាផ្សេងៗ ប្រជាពលរដ្ឋដែលមានទេពកោសល្យពិសេស (អ្នកប្រាជ្ញ) និងអ្នកដែលមិនមានកាយសម្បទាគ្រប់គ្រាន់។

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត

រាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា ការកែសម្រួលច្បាប់ថ្មីនេះ នឹងជួយសម្រួលដល់ការជ្រើសរើសកងទ័ព ដែលអាចជ្រើសរើសចេញពីក្នុងចំណោមអ្នកដែលចូលបំពេញកាតព្វកិច្ចយោធា។ ចំណែកអ្នកដែលមិនត្រូវបានជ្រើសរើសចូលក្នុងជួរកងទ័ពវិញ ក៏បានទទួលការអប់រំ បណ្តុះបណ្តាល មានវិន័យ និងក្លាយជាធនធានមនុស្សល្អសម្រាប់សង្គមជាតិ។

កងទ័ពកម្ពុជា

ក្នុងឱកាសនោះ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងយ៉ាងដូច្នេះថា៖ «កិច្ចការពារជាតិ មិនមែនជាភារកិច្ចតែរាជរដ្ឋាភិបាលតែម្នាក់ឯងនោះទេ តែកិច្ចការនេះពិតជាទាមទារដាច់ខាតពីការចូលរួមចំណែកគ្រប់ភាគី និងគ្រប់កោសិកា តាំងពីវិស័យឯកជន និងប្រជាពលរដ្ឋគ្រប់រូប ដោយប្រកបស្មារតីស្នេហាជាតិខ្ពស់ ចំពោះកងទ័ព»។

ដោយ៖ សិលា

administrator

Related Articles