សម្តេចធិបតី ហ៊ុន ម៉ាណែត លើកតម្កើងតម្លៃគ្រួសារខ្មែរ ក្នុងឱកាសទិវាអន្តរជាតិស្តីពីគ្រួសារ

សម្តេចធិបតី ហ៊ុន ម៉ាណែត លើកតម្កើងតម្លៃគ្រួសារខ្មែរ ក្នុងឱកាសទិវាអន្តរជាតិស្តីពីគ្រួសារ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងសារអបអរសាទរទិវាអន្តរជាតិស្តីពីគ្រួសារ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ ដោយសម្តែងនូវការកោតសរសើរ និងគោរពដឹងគុណជាទីបំផុតចំពោះក្រុមគ្រួសារទាំងអស់។

សារលិខិតសម្តេចធិបតី

សម្តេចធិបតីបានលើកឡើងជាពិសេសចំពោះ ជីដូន ជីតា លោកឪពុក អ្នកម្តាយ និងបងប្រុស បងស្រី ដែលតែងតែធ្វើពលិកម្ម និងលះបង់គ្រប់បែបយ៉ាងក្នុងការចិញ្ចឹមបីបាច់ថែរក្សា និងអប់រំកូនចៅ ព្រមទាំងចូលរួមចំណែកយ៉ាងសកម្មក្នុងការបន្តថែរក្សា និងលើកស្ទួយមរតកវប្បធម៌ សាសនា ប្រពៃណី ទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ប្រជាជាតិខ្មែរ។

សម្តេចបានសង្កត់ធ្ងន់ថា គ្រួសារខ្មែរបានប្រកាន់ខ្ជាប់នូវការគោរពច្បាប់ សីលធម៌ សុជីវធម៌ ការយោគយល់ ការអធ្យាស្រ័យ និងការសន្តោសប្រណី ដើម្បីរក្សាឱ្យបាននូវភាពសុខដុមរមនា សាមគ្គីភាព និងសេចក្តីថ្លៃថ្នូរក្នុងសង្គមជាតិ ស័ក្តិសមជាឧត្តមប្រទេសមួយដែលមានវប្បធម៌ អរិយធម៌ដ៏ត្រកាល និងសម្បូរបែប។

សម្តេចធិបតី ហ៊ុន ម៉ាណែត

សម្តេចធិបតីបានថ្លែងដោយសង្ឃឹមយ៉ាងមុតមាំថា គ្រួសារទាំងអស់នឹងបន្តអនុវត្តនូវប្រពៃណីដ៏ល្អផូរផង់នេះ ដើម្បីរួមចំណែកថែរក្សា និងកសាងសមិទ្ធផលនានាបន្ថែមទៀតសម្រាប់ឧត្តមប្រយោជន៍ជាតិ សាសនា និងព្រះមហាក្សត្រ ព្រមទាំងបន្តលើកកម្ពស់កិត្យានុភាពជាតិ ឆ្ពោះទៅរកសង្គមប្រកបដោយសុខសន្តិភាព ស្ថិរភាព វឌ្ឍនភាព និងសុខដុមនីយកម្ម។

នាយករដ្ឋមន្ត្រីបានបន្ថែមថា តាមរយៈនយោបាយឈ្នះ-ឈ្នះរបស់រាជរដ្ឋាភិបាល និងក្រោមម្លប់ដ៏ត្រជាក់របស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ រាជរដ្ឋាភិបាលបានរៀបចំគោលនយោបាយ និងបទប្បញ្ញត្តិនានាពាក់ព័ន្ធជាច្រើន សំដៅលើកកម្ពស់តម្លៃគ្រួសារខ្មែរ ដើម្បីធានាឱ្យបាននូវនិរន្តរភាពប្រកបដោយប្រសិទ្ធភាព និងសក្តិសិទ្ធិភាព៕

ដោយ៖ សិលា

administrator

Related Articles