ខេត្តសៀមរាប៖ អាជ្ញាធរជាតិអប្សរា បានចេញសេចក្តីជូនដំណឹងជាផ្លូវការមួយ ស្តីពីការរឹតបន្តឹងវិធានការការពារ សុវត្ថិភាព និងក្រមសីលធម៌សម្រាប់អ្នកចូលទស្សនាក្នុងតំបន់រមណីយដ្ឋានអង្គរ ជាពិសេសក្នុងអំឡុងរដូវវស្សាដែលជិតឈានចូលមកដល់។ គោលបំណងសំខាន់គឺដើម្បីលើកកម្ពស់សន្តិសុខ សុវត្ថិភាពជូនភ្ញៀវទេសចរជាតិ-អន្តរជាតិ និងថែរក្សាតម្លៃនៃបេតិកភណ្ឌពិភពលោក។

យោងតាមសេចក្តីណែនាំ ភ្ញៀវទេសចរត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងជៀសវាងការចតយានយន្ត ឬឈរនៅក្រោមដើមឈើធំៗ នៅពេលមានខ្យល់កន្ត្រាក់ ឬភ្លៀងធ្លាក់ខ្លាំង ដែលអាចបណ្តាលឱ្យបាក់មែក ឬដួលរំលំដើមឈើ។ ក្នុងករណីមានភ្លៀងផ្គររន្ទះ សូមជៀសវាងការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិក និងមិនត្រូវជ្រកក្រោមដើមឈើជាដាច់ខាត។
អាជ្ញាធរជាតិអប្សរាក៏បានសំណូមពរឱ្យភ្ញៀវទេសចរស្លៀកពាក់ឱ្យបានសមរម្យតាមលក្ខណៈប្រពៃណី និងតម្លៃសីលធម៌ខ្មែរ។ ការស្លៀកពាក់ខ្លីពេក (លើក្បាលជង្គង់) ឬបញ្ចេញស្មា ត្រូវបានហាមឃាត់ក្នុងតំបន់សក្ការៈ។ ជាងនេះទៀត ត្រូវជៀសវាងការប្រើប្រាស់ឆ័ត្រដែលមានចុងស្រួចខ្លាំង ឬស្បែកជើងកែងចោតដែលងាយនឹងរអិលនៅពេលថ្មប្រាសាទសើម។

ក្នុងន័យថែរក្សាបរិស្ថាន និងសណ្តាប់ធ្នាប់ អាជ្ញាធរបានហាមឃាត់ការស្លៀកពាក់ ឬប្រើប្រាស់សម្ភារៈដែលមានស្លាកសញ្ញាផ្សព្វផ្សាយផលិតផលគ្រឿងស្រវឹង។ ភ្ញៀវទេសចរត្រូវរក្សាគម្លាត និងជៀសវាងការផ្តល់ចំណីដល់សត្វស្វា ដែលអាចបណ្តាលឱ្យសត្វបាត់បង់សភាវគតិធម្មជាតិ និងបង្កហានិភ័យដល់សុខភាព។ ត្រូវគោរពតាមផ្លាកសញ្ញាណែនាំ មិនត្រូវប៉ះពាល់ចម្លាក់ បង្អែកលើថ្មប្រាសាទ ឬចូលទៅក្នុងតំបន់ដែលកំពុងជួសជុលឡើយ។
ជាងនេះទៀត អាជ្ញាធរសូមអំពាវនាវកុំឱ្យផ្តល់ប្រាក់ ឬនំចំណីដល់កុមារដែលដើរសុំទាន ដើម្បីលើកទឹកចិត្តឱ្យពួកគេត្រឡប់ទៅសាលារៀនវិញ។ ភ្ញៀវទេសចរទាំងអស់ត្រូវចូលរួមទុកដាក់សំរាមក្នុងធុងឱ្យបានត្រឹមត្រូវ និងរក្សាភាពស្ងប់ស្ងាត់ក្នុងបរិវេណសក្ការៈ។
អាជ្ញាធរជាតិអប្សរាសង្ឃឹមយ៉ាងមុតមាំថា សមាគមទីភ្នាក់ងារទេសចរណ៍ មគ្គុទ្ទេសក៍ ក្រុមហ៊ុនទេសចរណ៍ និងសាធារណជនទាំងអស់ នឹងចូលរួមអនុវត្តតាមសេចក្តីណែនាំនេះឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីរក្សានូវសេចក្តីថ្លៃថ្នូរ និងកិត្យានុភាពនៃសម្បត្តិវប្បធម៌ជាតិយើង៕
