ខេត្តកំពង់ស្ពឺ៖ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងករណីរក្សាទុក និងជួញដូរគ្រឿងញៀនខុសច្បាប់ នៅក្នុងស្រុកថ្ពង ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ កន្លងទៅនេះ។

ក្រោមការបញ្ជាដឹកនាំដោយផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងការសម្របសម្រួលពីព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ស្ពឺ កម្លាំងអង្គភាពនគរបាលយុត្តិធម៌ នៃមន្ទីរស្រាវជ្រាវ បង្ក្រាបទល្មើស បានសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកថ្ពង ចុះបង្រ្កាបនៅចំណុចផ្លូវលំ ភូមិទឹកលង ឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនមានឈ្មោះ នុល ម៉ាន់គួ ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅបច្ចុប្បន្ននៅភូមិទឹកលង ឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

វត្ថុតាងដែលកម្លាំងបានចាប់យករួមមាន៖ គ្រឿងញៀន ០១កញ្ចប់ (ទម្ងន់ ០.៣៤ក្រាម), ទូរស័ព្ទចំនួន ០២គ្រឿង និងម៉ូតូម៉ាកគុបចំនួន ០១គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យរួមនិងវត្ថុតាងត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន ក្នុងមន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើស នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

