ខេត្តតាកែវ៖ កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ សហការជាមួយកម្លាំងជំនាញបានធ្វើប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនជាខ្សែសង្វាក់ចំនួន៣ដំណាក់កាល ឆ្លងកាត់ខេត្តតាកែវ ខេត្តកណ្តាល និងរាជធានីភ្នំពេញ ដោយឃាត់ខ្លួនជនសង្ស័យសរុប១០នាក់ (ស្រី១ ប្រុស៩) និងដកហូតសារធាតុញៀនចំនួន៦២កញ្ចប់ រួមជាមួយអាវុធយុទ្ធភណ្ឌ យានយន្ត និងសម្ភារៈពាក់ព័ន្ធជាច្រើនទៀត។

លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ បានដាក់បទបញ្ជាឲ្យកម្លាំងមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស ដឹកនាំដោយលោកអនុសេនីយ៍ឯក ជួន តូរៈតៈ នាយការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងមូលដ្ឋានស្រុកព្រៃកប្បាស ចុះប្រតិបត្តិការនៅវេលាម៉ោង៨:៤៥នាទី ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ នៅភូមិអង្គស្វាយចេក ឃុំចារ ស្រុកព្រៃកប្បាស ខេត្តតាកែវ។

បន្ទាប់មកនៅវេលាម៉ោង៧:២៥នាទី ថ្ងៃទី៨ ខែឧសភា កម្លាំងបានពន្លាតដែនសមត្ថកិច្ចទៅខេត្តកណ្តាល សហការជាមួយកម្លាំងមូលដ្ឋានស្រុកស្អាង និងក្រុងតាខ្មៅ ដោយមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម គុជ គីមឡុង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល បង្ក្រាបជាក់ស្តែងនៅភូមិគោកអណ្តែត ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។

ជាបន្តបន្ទាប់ វេលាម៉ោង១៤:៤០នាទី ថ្ងៃទី៩ ខែឧសភា កម្លាំងបានបន្តពន្លាតដែនសមត្ថកិច្ចទៅរាជធានីភ្នំពេញ សហការជាមួយកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ និងអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការសម្របសម្រួលពីលោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បង្ក្រាបជាក់ស្តែងនៅចំណុចផ្ទះលេខC4 ភូមិកាកាប សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ។

វត្ថុតាងដកហូតបានរួមមាន៖ ម្សៅក្រាមពណ៌សថ្លា ៦២កញ្ចប់ ទម្ងន់សរុប ១១៨.៦៩ក្រាម (ថ្លឹងទាំងសំបក), ថ្នាំគ្រាប់ពណ៌ផ្កាឈូក ១៧គ្រាប់, ម្សៅពណ៌ផ្កាឈូក ១កញ្ចប់, អាវុធខ្លី ១ដើម, គ្រាប់អាវុធខ្លី ៥៩គ្រាប់, ដាវដែក ១ដើម, ទូរស័ព្ទ ១៣គ្រឿង, ម៉ូតូ ៤គ្រឿង, ជញ្ជីងថ្លឹងថ្នាំញៀន ៣គ្រឿង ព្រមទាំងថង់វេចខ្ចប់ និងសម្ភារៈសេពថ្នាំញៀនមួយចំនួនទៀត។

បច្ចុប្បន្ន ជនសង្ស័យទាំង១០នាក់ រួមជាមួយវត្ថុតាង កំពុងត្រូវបានការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ដើម្បីចាត់ការតាមនីតិវិធីច្បាប់បន្ត៕
ដោយ៖ សុខាសែនជ័យ
