ភ្នំពេញ៖ កម្ពុជាបានបដិសេធដាច់ខាត និងចាត់ទុកការចុះផ្សាយរបស់កាសែតថៃដែលចោទប្រកាន់ថា ទាហានកម្ពុជាបានបាញ់សន្លឹកត្រួតចំនួន ១១គ្រាប់នៅច្រកអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ ជាព័ត៌មានមិនពិតទាំងស្រុង។
នៅយប់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦នេះ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងបញ្ជាក់ថា សារព័ត៌មានថៃមួយចំនួនបានចុះផ្សាយដោយចោទប្រកាន់កងកម្លាំងកម្ពុជាថាបានបាញ់ចំនួន ១១គ្រាប់ នៅតំបន់ច្រកអន្តរជាតិអូរស្មាច់ ដែលជាការចោទប្រកាន់ទាំងស្រុងដោយគ្មានមូលដ្ឋានការពិត។
លោកស្រីបានបដិសេធដាច់ខាតចំពោះការលើកឡើងខាងលើនេះ ដោយគូសបញ្ជាក់ថា នេះគឺជាព័ត៌មានមិនពិត និងជាការមួលបង្កាច់យ៉ាងធ្ងន់ធ្ងរមកលើកិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់កងកម្លាំងកម្ពុជា។
គួរបញ្ជាក់ថា គិតទៅថៃពោរពេញដោយគំនិតទុចរិត ល្បិចកលគ្រប់បែបយ៉ាង និយាយបាតដៃជាខ្នងដៃ បំពានទាំងស្រុងគ្រប់កាលៈទេសៈ បង្កើតបញ្ហាមិនឈប់ឈរ ក្លាយទៅជាពូជសាសន៍ដែលគ្មានសណ្ដាប់ធ្នាប់ បង្កើតតែព័ត៌មានក្លែងក្លាយ បំភ្លីការពិត បំប៉ោងព័ត៌មាន និងបង្ករឿងជាបន្តបន្ទាប់។ ទង្វើនេះបានបង្ហាញឲ្យពិភពលោកមើលឃើញថា ថៃជាប្រទេសដែលគ្មានសីលធម៌ សច្ចធម៌ និងការទៀងត្រង់ ព្រមទាំងមិនគោរពច្បាប់អន្តរជាតិជាដើម។
ដោយ៖ សិលា
