ភ្នំពេញ៖ ពហុកីឡដ្ឋានជាតិអូឡាំពិក ថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ២០២៦ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអបអរសាទរដល់វិទ្យាល័យឥន្ទ្រទេវី ដែលបានដណ្ដើមពានរង្វាន់ «ជើងឯកវិទ្យាល័យ» លើកទី៥ ប្រចាំឆ្នាំ២០២៥-២០២៦។

លោកបានថ្លែងថា អ្នកចូលរួមប្រមាណ ៨ពាន់នាក់ រួមទាំងរូបលោក ពិតជាមានមោទនភាពចំពោះស្មារតីកីឡាដែលប្អូនៗបានបង្ហាញ ជាពិសេសការប្រជែងគ្នាយ៉ាងស្វិតស្វាញក្នុងវគ្គផ្តាច់ព្រ័ត្ររវាង វិទ្យាល័យឥន្ទ្រទេវី និង វិទ្យាល័យជាស៊ីមសាមគ្គី ព្រមទាំងភាពកក់ក្តៅនៃការគាំទ្រលើកទឹកចិត្ត។

កីឡាករគ្រប់រូបបានបង្ហាញនូវឆន្ទៈ ការតាំងចិត្តខ្ពស់ ការគោរពវិន័យខ្ជាប់ខ្ជួន និងប្រកាន់ស្មារតីយោគយល់ អធ្យាស្រ័យ និងសាមគ្គីភាពជាមិត្តភាព។ លោកបានសង្កត់ធ្ងន់ថា ប្អូនៗម្នាក់ៗពិតជាធ្វើបានយ៉ាងល្អ និងខិតខំអស់ពីសមត្ថភាពក្នុងការប្រកួតនេះ។

លោកបន្តថា នាថ្ងៃនេះក៏បានធ្វើឱ្យលោកនឹកដល់អនុស្សាវរីយ៍កាលពីអតីតកាល ដែលគួររំលេចផងដែរថា នៅពេលដែលលោក ហ៊ុន សែន បានចាកឆ្ងាយពីស្រុកកំណើត មករស់នៅរាជធានីភ្នំពេញ ដោយស្នាក់នៅវត្តនាគវ័ន គឺវិទ្យាល័យឥន្ទ្រទេវីនេះហើយជាកន្លែងដែលលោកបានបន្តការសិក្សា។

ឆ្លៀតឱកាសនេះ លោកបានថ្លែងអំណរគុណ និងអបអរសាទរដល់ ស.ស.យ.ក. រាជធានីភ្នំពេញ និងដៃគូទាំងអស់ ចំពោះការរៀបចំ និងភាពជោគជ័យនៃពិធីបិទព្រឹត្តិការណ៍ប្រកួតកីឡានេះ។

លោកបានបញ្ជាក់ថា លើសពីការប្រកួត កម្មវិធីនេះបានរួមចំណែកអភិវឌ្ឍសមត្ថភាព និងបណ្តុះទម្លាប់ល្អ ការងារជាក្រុម និងភាពទទួលខុសត្រូវរបស់យុវជន ព្រមទាំងជំរុញសកម្មភាពកីឡាតាមគ្រឹះស្ថានសិក្សាកាន់តែរស់រវើក និងបន្តរួមចំណែកអភិវឌ្ឍកីឡាបាល់ទាត់ ស្របតាមទិសស្លោក «កូនល្អ សិស្សល្អ មិត្តល្អ កីឡាករគំរូ សាលារៀនស្អាត»។




ដោយ៖ សិលា
