រថយន្តបុករង្វង់មូលក្រឡាប់ផ្ងារជើងនៅតាខ្មៅ បណ្តាលឲ្យអ្នកដំណើរ៤នាក់រងរបួសធ្ងន់ស្រាល

រថយន្តបុករង្វង់មូលក្រឡាប់ផ្ងារជើងនៅតាខ្មៅ បណ្តាលឲ្យអ្នកដំណើរ៤នាក់រងរបួសធ្ងន់ស្រាល

ខេត្តកណ្តាល៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់មួយបានកើតឡើង នៅវេលាម៉ោង ២០:៣០ យប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចរង្វង់មូលខាងកើតស្ពានអាកាស មហាវិថីស៊ីជីងពីង ក្នុងភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

គ្រោះថ្នាក់ចរាចរណ៍រង្វង់មូលតាខ្មៅ

សមត្ថកិច្ចជំនាញនៃក្រុងតាខ្មៅបានឲ្យដឹងថា រថយន្តកូរ៉េកែច្នៃចំណុះ១តោនកន្លះ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2F-8925 ក្នុងបន្ទុកអ្នកបើកបរឈ្មោះ ពូ បារាំង អាយុ៤៤ឆ្នាំ បានធ្វើដំណើរចេញពីខេត្តត្បូងឃ្មុំ ដោយមានអ្នករួមដំណើរសរុប ០៥នាក់ រួមទាំងដឹកដែកអេតចាយ និងម៉ាស៊ីនរថយន្តចាស់ៗ។

រថយន្តក្រឡាប់ផ្ងារជើង

តាមសមត្ថកិច្ចបានបញ្ជាក់ថា ដោយសាររថយន្តមានល្បឿនលឿន និងតៃកុងមិនសូវស្គាល់ភូមិសាស្ត្រ ពេលឃើញរង្វង់មូលនៅខាងមុខកៀក ក៏បានខំបួងចង្កូតមកស្តាំ បណ្តាលឲ្យកង់ខាងក្រោយផ្នែកខាងឆ្វេងរេបុកខឿនថ្នល់រង្វង់មូល ធ្វើឲ្យរថយន្តក្រឡាប់ផ្ងារជើងរងការខូចខាតយ៉ាងដំណំ។

រថយន្តខូចខាត

ជនរងគ្រោះទាំង០៥នាក់ មានទីលំនៅក្នុងខេត្តបាត់ដំបង។ ក្នុងចំណោមនោះ មានអ្នករងរបួសចំនួន ០៤នាក់ រួមមាន៖ ស្ត្រីម្នាក់អាយុ២៥ឆ្នាំ (របួសធ្ងន់ត្រង់ក្បាល), បុរសម្នាក់អាយុ២៨ឆ្នាំ (របួសស្រាល) ដែលជាប្តីប្រពន្ធនឹងគ្នា, កុមារាអាយុ០៥ឆ្នាំ (របួសស្រាល) ជាកូនតៃកុង, និងតៃកុងរថយន្តឈ្មោះ ពូ បារាំង អាយុ៤៤ឆ្នាំ (របួសធ្ងន់)។

កន្លែងកើតហេតុ

រថយន្តសាមុយ និងអ្នកដំណើរឆ្លងកាត់បានជួយដឹកជនរងគ្រោះទាំងអស់ទៅកាន់មន្ទីរពេទ្យបង្អែកជ័យជំនះ ដើម្បីសង្គ្រោះបន្ទាន់។

សមត្ថកិច្ចអន្តរាគមន៍

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះអន្តរាគមន៍សម្រួលចរាចរណ៍ និងបានទំនាក់ទំនងទៅកាន់សាច់ញាតិជនរងគ្រោះនៅខេត្តបាត់ដំបង ដើម្បីឲ្យយករថយន្តស្ទូចមកដឹករថយន្តរងគ្រោះត្រឡប់ទៅវិញ។

ដោយ៖ សូរិយា

administrator

Related Articles