ខេត្តបាត់ដំបង៖ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង១៥និង៣៥នាទី កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន រួមជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលផ្លូវមាស និងកម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលស្រុករតនមណ្ឌល ដឹកនាំដោយ លោកវរសេនីយ៍ទោ ផាន់ ឡុង អធិការស្តីទីនគរបាលស្រុករតនមណ្ឌល បានចុះប្រតិបត្តិការត្រួតពិនិត្យតាមដងផ្លូវ បង្ក្រាបបានករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនមួយករណី ក្នុងបទល្មើសជាក់ស្តែង។

ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ តូច ចន្ថា ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នាំមកកាន់អធិការដ្ឋាននគរបាលស្រុករតនមណ្ឌល។
វត្ថុតាងចាប់យកបានរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០១ថង់, សម្ភារៈសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន, រថយន្តចំនួន ០១គ្រឿង ម៉ាក LEXUS HS250H ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1BP-7972 និងទូរស័ព្ទដៃចំនួន ០១គ្រឿង។
បច្ចុប្បន្ន កម្លាំងអធិការដ្ឋាននគរបាលស្រុករតនមណ្ឌល កំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់វិធានការតាមនីតិវិធី។
ដោយ៖ សូរិយា
