ឃាត់ខ្លួនយុវជន៣នាក់ ករណីប្រើប្រាស់គ្រឿងញៀន នៅស្រុកកណ្តាលស្ទឹង

ឃាត់ខ្លួនយុវជន៣នាក់ ករណីប្រើប្រាស់គ្រឿងញៀន នៅស្រុកកណ្តាលស្ទឹង

ខេត្តកណ្ដាល៖ សមត្ថកិច្ចស្រុកកណ្ដាលស្ទឹង បានឱ្យដឹងថា កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដើមឫស សហការជាមួយកម្លាំងប្រជាការពារ បានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ករណីរក្សាទុក និងប្រើប្រាស់សារធាតុញៀន កាលពីវេលាម៉ោង០១:០០នាទី ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចភូមិតាកុច ឃុំដើមឫស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

រូបភាពសមត្ថកិច្ច

ជនសង្ស័យទាំង៣នាក់មានឈ្មោះ៖ ១- សុវណ្ណ ចាន់សង្វា (ហៅភា) ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិភា សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ ២- មុំ ចាន់រតនា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅដដែល និង ៣- ឌី វណ្ណនី ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រៃសម្ព័រ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ពួកគេសុទ្ធតែមានសារធាតុញៀនក្នុងទឹកនោម(+)។

តាមប្រភពព័ត៌មានបានឱ្យដឹងថា កម្លាំងសមត្ថកិច្ចបានចេញល្បាតតាមភូមិសាស្ត្រងាយរងគ្រោះ ហើយបានប្រទះឃើញជនសង្ស័យទាំងបីនាក់កំពុងដើរតាមផ្លូវ។ ដោយមានការសង្ស័យ សមត្ថកិច្ចបានហៅឃាត់សួរនាំ និងសុំឆែកឆេរ ក៏រកឃើញថ្នាំញៀនចំនួន០១កញ្ចប់តូច ទម្ងន់ ០,១០ក្រាម ដែលជនសង្ស័យទម្លាក់ចោលក្បែរខ្លួន។

វត្ថុតាង

វត្ថុតាងចាប់យករួមមាន៖ ថ្នាំញៀន០១កញ្ចប់តូច, ទូរស័ព្ទ០១គ្រឿងម៉ាក Oppo ពណ៌ខ្មៅលាយស្លែ, និងសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន។

ដំបូងឡើយ កម្លាំងបានបញ្ជូនជនសង្ស័យទាំង០៣នាក់ ទៅកាន់ផ្នែកជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋានស្រុកកណ្តាលស្ទឹង ដោយសង្ស័យជាមុខសញ្ញាពាក់ព័ន្ធបទល្មើសលួចប្រេងតាមឡានដឹកដី។ បន្ទាប់ពីការសួរនាំ ឃើញថាពួកគេគ្មានពាក់ព័ន្ធទេ ទើបប្រគល់ទៅផ្នែកជំនាញប្រឆាំងគ្រឿងញៀនស្រុកវិញ។

រូបភាពជនសង្ស័យ

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង០៣នាក់បានសារភាពថា ពួកគេបានចូលលុយគ្នាទិញថ្នាំញៀនពីបុរសម្នាក់មិនស្គាល់ឈ្មោះ តាមរយៈលេខទូរស័ព្ទ 096 353 7561 នៅម្តុំផ្សារព្រៃទទឹង ក្នុងតម្លៃ ២០,០០០រៀល យកមកប្រើប្រាស់ ដោយបដិសេធថាមិនដែលប្រព្រឹត្តបទល្មើសលួច ឆក់ ប្លន់អ្វីឡើយ។

រូបភាពវត្ថុតាង

បច្ចុប្បន្ន ជនសង្ស័យរួមនិងវត្ថុតាងត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

administrator

Related Articles