ភ្លើងឆេះស្រែកណ្តាលរាត្រី! ទំនាស់ពាក្យសំដីក្លាយជាសង្រ្គាមដុំថ្មនៅក្រុងបាត់ដំបង សមត្ថកិច្ចចាប់បាន៤នាក់

ភ្លើងឆេះស្រែកណ្តាលរាត្រី! ទំនាស់ពាក្យសំដីក្លាយជាសង្រ្គាមដុំថ្មនៅក្រុងបាត់ដំបង សមត្ថកិច្ចចាប់បាន៤នាក់

កណ្តាលរាត្រីនៃក្រុងបាត់ដំបងបានលាន់ឮសូរគ្រហឹមនៃអំពើហិង្សានៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ ខណៈក្រុមយុវជនពីរក្រុមបានបើកសមរភូមិប្រយុទ្ធគ្នាដោយប្រើដុំថ្មជាអាវុធ ធ្វើឱ្យប្រជាពលរដ្ឋដួលសន្លប់បាត់បង់អារម្មណ៍ទាំងរាត្រីជ្រៅ។

ដោយអនុវត្តតាមបទបញ្ជារបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួងមហាផ្ទៃ លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានដឹកនាំកម្លាំងសមត្ថកិច្ចចុះបង្ក្រាបករណីហិង្សាដោយចេតនានេះភ្លាមៗ។

រូបភាពកន្លែងកើតហេតុ

តាមប្រភពព័ត៌មានបានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង០២:៣០ រំលងអាធ្រាត្រ ត្រង់ចំណុចក្រុមទី១៩ ភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ដោយបុរសទាំងពីរក្រុមបានទាស់ពាក្យសំដីដាក់គ្នារហូតឈានដល់ការប្រើប្រាស់ហិង្សា។

ក្រោយទទួលបានព័ត៌មាន លោកអធិការបានដឹកនាំកម្លាំងចុះទៅដល់កន្លែងកើតហេតុភ្លាមៗ ប៉ុន្តែក្រុមបង្កបានបំបែកគ្នារត់គេចខ្លួន។ ទោះជាយ៉ាងណា សមត្ថកិច្ចបានបន្តការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់រហូតអាចនាំខ្លួនជនសង្ស័យបានចំនួន៤នាក់ក្នុងចំណោមក្រុមអ្នកគេចខ្លួនផ្សេងទៀត។

រូបភាពសមត្ថកិច្ច

ជនសង្ស័យទាំង៤នាក់រួមមាន៖
១- ឈ្មោះ ម៉ី សុវណ្ណគីរី ភេទប្រុស អាយុ៣៦ឆ្នាំ ស្នាក់នៅភូមិកំពង់ក្របី
២- ឈ្មោះ អៀង ឧត្តមសុផានិត ភេទប្រុស អាយុ២៥ឆ្នាំ
៣- ឈ្មោះ វន សិលា ភេទប្រុស អាយុ២៨ឆ្នាំ
៤- ឈ្មោះ ទឹម សំណាង ភេទប្រុស អាយុ៤១ឆ្នាំ

លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន បានបញ្ជាក់ថា បុរសទាំងពីរក្រុមបានទាស់ពាក្យសំដីគ្នារហូតឈានទៅប្រើហិង្សាទៅវិញទៅមក បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងកណ្តាលក្រុងបាត់ដំបង។ បច្ចុប្បន្ន នគរបាលកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។

រូបភាពជនសង្ស័យ

គួរបញ្ជាក់ថា នារាត្រីដដែលនេះ ក៏មានករណីហិង្សាមួយទៀតកើតឡើងនៅកណ្តាលក្រុងបាត់ដំបង ដែលទិដ្ឋភាពនេះត្រូវបានផ្សព្វផ្សាយយ៉ាងផុសផុលក្នុងបណ្តាញសង្គម។ បច្ចុប្បន្ន ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ សមត្ថកិច្ចបានកំណត់អត្តសញ្ញាណគូទំនាស់បានហើយ និងនឹងនាំខ្លួនមកចាត់វិធានការតាមច្បាប់ចំពោះអំពើអាណាធិបតេយ្យកណ្តាលក្រុងបែបនេះជាមិនខាន។

administrator

Related Articles