ទីក្រុងតេអេរ៉ង់បានដាក់សម្ពាធយ៉ាងខ្លាំងទៅលើរដ្ឋបាលក្រុងវ៉ាស៊ីនតោន ដោយទាមទារឱ្យបញ្ចប់ការបិទផ្លូវកងទ័ពជើងទឹកក្នុងតំបន់ច្រកសមុទ្រហ័រមូស ព្រោះមិនដូច្នោះទេ ឈូងសមុទ្រអូម៉ង់អាចនឹងក្លាយជា «ទីបញ្ចុះសព» សម្រាប់នាវាចម្បាំងអាមេរិក។
កាសែតទួរគីមួយបានចេញផ្សាយនៅថ្ងៃទី១៨ ខែឧសភាថា កាលពីថ្ងៃទី១៧ ខែឧសភា អ៊ីរ៉ង់បានចេញសារព្រមានយ៉ាងតឹងរ៉ឹងចំពោះសហរដ្ឋអាមេរិក ដោយបញ្ជាក់ថា ឈូងសមុទ្រអូម៉ង់អាចក្លាយទៅជាកន្លែងបញ្ចុះសពនាវាចម្បាំងអាមេរិក ប្រសិនបើទីក្រុងវ៉ាស៊ីនតោននៅតែបន្តបិទផ្លូវសមុទ្រដែលកំណត់គោលដៅសកម្មភាពសមុទ្ររបស់អ៊ីរ៉ង់។

ឧត្តមសេនីយ៍ឯក ម៉ូសេន រីហ្សាអ៊ី ទីប្រឹក្សាជាន់ខ្ពស់របស់មេដឹកនាំកំពូលអ៊ីរ៉ង់ និងជាសមាជិកនៃក្រុមប្រឹក្សាកំណត់ផលប្រយោជន៍ជាតិ បានចេញមកប្រឆាំងយ៉ាងខ្លាំងចំពោះសកម្មភាពបិទផ្លូវសមុទ្រនេះ ដោយលើកឡើងថាជា «ទង្វើនៃសង្គ្រាម»។
នៅក្នុងសេចក្តីថ្លែងការណ៍ផ្សាយតាមកញ្ចក់ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ ឧត្តមសេនីយ៍ រីហ្សាអ៊ី បានព្រមានយ៉ាងច្បាស់ថា៖ «ដំបូន្មានយោធារបស់ខ្ញុំចំពោះសហរដ្ឋអាមេរិកគឺត្រូវដកថយមុនពេលឈូងសមុទ្រអូម៉ង់ក្លាយជាទីបញ្ចុះសពសម្រាប់នាវាចម្បាំងរបស់អ្នក»។
លោកបានបន្តទៀតថា៖ «តាមការយល់ដឹងរបស់យើង ការបិទផ្លូវកងទ័ពជើងទឹកគឺជាទង្វើនៃសង្គ្រាម ហើយការឆ្លើយតបទៅនឹងវាគឺជាសិទ្ធិធម្មជាតិរបស់យើង»។ ឧត្តមសេនីយ៍រូបនេះក៏បានសង្កត់ធ្ងន់ផងដែរថា ការអត់ធ្មត់របស់ទីក្រុងតេអេរ៉ង់មិនមែនមានន័យថាពួកគេទទួលយកសម្ពាធកើនឡើងពីអាមេរិកនោះទេ។

ជាងនេះទៅទៀត ឧត្តមសេនីយ៍ រីហ្សាអ៊ី បានរិះគន់វត្តមានយោធាអាមេរិកយូរអង្វែងនៅក្នុងឈូងសមុទ្រ ដោយសួរថា៖ «សហរដ្ឋអាមេរិកមកទីនេះ ហើយនាំយកនាវាចម្បាំងមក។ តើអ្នកណាជាសត្រូវរបស់ពួកគេ?» ដោយបន្ថែមថា សហភាពសូវៀតដែលធ្លាប់ត្រូវបានលើកឡើងជាការគំរាមកំហែងយុទ្ធសាស្ត្រ លែងមានហើយនៅពេលបច្ចុប្បន្ន៕
