សេតវិមានបានប្រកាសថា លោក ដូណាល់ ត្រាំ និងលោក ស៊ី ជីនពីង បានបញ្ជាក់ជាថ្មីពីគោលដៅរួម ដើម្បីលុបបំបាត់អាវុធនុយក្លេអ៊ែរនៅកូរ៉េខាងជើងទាំងស្រុង ក្នុងកិច្ចប្រជុំកំពូលនៅទីក្រុងប៉េកាំង។
ការប្រកាសនេះធ្វើឡើងតាមរយៈសេចក្តីសង្ខេបព័ត៌មានរបស់សេតវិមាន កាលពីថ្ងៃទី១៧ ខែឧសភា ដោយបញ្ជាក់ថាអ្នកដឹកនាំទាំងពីរបានអះអាងពីគោលដៅលុបបំបាត់អាវុធនុយក្លេអ៊ែរឲ្យអស់ពីទ្វីបកូរ៉េ។

តំណាងពាណិជ្ជកម្មអាមេរិក លោក Jamieson Greer ក៏បានបញ្ជាក់ក្នុងបទសម្ភាសន៍ជាមួយ ABC ដែរថា លោក ត្រាំ និងលោក ស៊ី បានយល់ស្របគ្នាថា គោលដៅនៅលើទ្វីបកូរ៉េ នៅតែជាការលុបបំបាត់អាវុធនុយក្លេអ៊ែរ។
ការបញ្ជាក់នេះកើតឡើងចំពេលដែលទីក្រុងព្យុងយ៉ាងកំពុងបង្កើនការអភិវឌ្ឍកម្មវិធីអាវុធនុយក្លេអ៊ែរ និងមីស៊ីលបាលីស្ទិករបស់ខ្លួនទ្វេដង ហើយស្វែងរកការទទួលស្គាល់ពីសហគមន៍អន្តរជាតិជាប្រទេសមានអាវុធនុយក្លេអ៊ែរ។
ទោះជាយ៉ាងណា គេនៅមិនទាន់ច្បាស់ថា កិច្ចព្រមព្រៀងរបស់ចិននេះនឹងឈានទៅរកការដាក់សម្ពាធកាន់តែខ្លាំងលើកូរ៉េខាងជើងឬយ៉ាងណាទេ ខណៈការអនុវត្តទណ្ឌកម្មរបស់ទីក្រុងប៉េកាំងកន្លងមកហាក់ធូររលុង។
មេដឹកនាំទាំងពីរបានជួបគ្នានៅទីក្រុងប៉េកាំងថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ ដោយពិភាក្សាលើសន្តិសុខទ្វីបកូរ៉េ, កោះតៃវ៉ាន់, សង្គ្រាមអ៊ីស្រាអែល-អ៊ីរ៉ង់ និងពាណិជ្ជកម្មទ្វេភាគី៕
