ដំណើរទស្សនកិច្ចរបស់មេដឹកនាំរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន ទៅកាន់ទីក្រុងប៉េកាំងនៅថ្ងៃទី១៩ និងទី២០ ខែឧសភានេះ កំពុងទាក់ទាញការតាមដានពីសកលលោក បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ទើបបញ្ចប់ការសន្ទនាជាមួយលោក ស៊ី ជីនពីងត្រឹមតែ ៤ថ្ងៃប៉ុណ្ណោះ។

ការប្រកាសដំណើរទស្សនកិច្ចនេះ ដោយវិមានក្រឹមឡាំង បានធ្វើឲ្យអ្នកតាមដានព្រឹត្តិការណ៍សកលងាកមកផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំង ស្របពេលជម្លោះក្នុងពិភពលោកស្ថិតក្នុងសភាពជាប់គាំង។
វិមានក្រឹមឡាំង បានបញ្ជាក់ជាផ្លូវការថា លោក ពូទីន នឹងជួបលោក ស៊ី ជីនពីង ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការទ្វេភាគីកាន់តែស៊ីជម្រៅ និងដោះស្រាយបញ្ហាអន្តរជាតិសំខាន់ៗ។

មុនដំណើរទស្សនកិច្ច ទីភ្នាក់ងារស៊ីនហួរ បានរាយការណ៍ថា ទំនាក់ទំនងចិន-រុស្ស៊ីនៅតែ «មិនអាចធ្វើឲ្យរង្គោះរង្គើបាន» នៅចំពោះមុខពិភពលោកដែល«ស្មុគស្មាញ និងងាយនឹងប្រែប្រួល»។ លោក ស៊ី និងលោក ពូទីន បានរក្សា «ការទំនាក់ទំនងយ៉ាងជិតស្និទ្ធ» អស់រយៈពេលមួយទសវត្សរ៍កន្លងមក។

របាយការណ៍ស៊ីនហួរ បានបញ្ជាក់ថា «ការទូតប្រមុខរដ្ឋ គឺជាគុណសម្បត្តិដ៏ធំបំផុត និងជាការធានាជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍកម្រិតខ្ពស់នៃទំនាក់ទំនងចិន-រុស្ស៊ី»។ ទំនាក់ទំនងនេះនឹង «ផ្តល់ឱ្យពិភពលោកនូវស្ថិរភាព និងភាពប្រាកដប្រជា»។
BBC បានរាយការណ៍ថា ជំនួបលោក ត្រាំ-ស៊ី បានជួយលើកមុខមាត់ចិនឲ្យស្ថិតកម្រិតខ្ពស់សកល ប៉ុន្តែលទ្ធផលជាក់ស្តែងមានកម្រិតតិចតួច។

រីឯទំនាក់ទំនងចិន-រុស្ស៊ីវិញ «កិច្ចសហប្រតិបត្តិការជាក់ស្តែង» គឺជាកម្លាំងចលករដ៏សំខាន់។ ពាណិជ្ជកម្មទ្វេភាគីបានលើសពី ២០០ពាន់លានដុល្លារអាមេរិករយៈពេលបីឆ្នាំជាប់ៗគ្នា។ ទិន្នន័យចុងក្រោយបង្ហាញថា ពាណិជ្ជកម្មចិន-រុស្ស៊ីឈានដល់ ២២៧,៩ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៥ ហើយចិននៅតែជាដៃគូពាណិជ្ជកម្មធំបំផុតរបស់រុស្ស៊ីជាប់ៗគ្នារយៈពេល ១៦ ឆ្នាំ៕
