រាជធានីភ្នំពេញ៖ កើតហេតុការណ៍សោកសៅ និងរន្ធត់មួយ នៅព្រឹកព្រលឹមថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ស្ថិតក្រោយផ្សាររាត្រី ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ បុរសវ័យចំណាស់ម្នាក់ ជាអតីតនគរបាលស័ក្តិ៣ នៃនាយកដ្ឋានអង្គរក្ស បានប្រើកាំភ្លើងវែង AK បាញ់បញ្ចប់ជីវិតខ្លួនឯង បន្ទាប់ពីបានសរសេរសំបុត្រផ្តាំផ្ញើអ្នកផ្ទះឲ្យធ្វើបុណ្យសពរបស់គាត់។

តាមប្រភពពីសាច់ញាតិបានឲ្យដឹងថា ជនរងគ្រោះមានជម្ងឺប្រចាំកាយ និងជម្ងឺបាក់ទឹកចិត្ត។ មុនកើតហេតុ គាត់បានជិះម៉ូតូអាគុយចេញពីផ្ទះ ដោយទុកសំបុត្រផ្តាំផ្ញើឲ្យអ្នកផ្ទះចាំយកសពរបស់គាត់។ ប្រជាពលរដ្ឋដែលដើរហាត់ប្រាណប្រចាំព្រឹកនោះ បានឃើញសាកសពដេកក្នុងថ្លុកឈាមក្បែរម៉ូតូ ក៏បានរាយការណ៍ទៅសមត្ថកិច្ចភ្លាមៗ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញកោសល្យវិច័យបានចុះមកពិនិត្យ និងធ្វើលិខិតប្រគល់សពឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។
