គ្រោះរញ្ជួយដីកម្រិត ៥.២រ៉ិចទ័រ បានវាយប្រហារតំបន់ Guangxi ភាគនិរតីនៃប្រទេសចិន កាលពីព្រឹកថ្ងៃចន្ទ ដោយបណ្ដាលឲ្យមនុស្សស្លាប់យ៉ាងហោចណាស់ ២នាក់ និងអ្នករបួស ៤នាក់ ។
អាជ្ញាធរបានបង្ខំជម្លៀសប្រជាពលរដ្ឋជាង ៧ ០០០នាក់ ចេញពីទីក្រុង Liuzhou ខណៈប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះនៅតែបន្ត។ ទូរទស្សន៍រដ្ឋ CCTV បានឲ្យដឹងថា អគារចំនួន ១៣ខ្នង បានដួលរលំទាំងស្រុង។ 
ជនរងគ្រោះទាំងពីរនាក់ដែលបានស្លាប់ត្រូវបានកំណត់អត្តសញ្ញាណថាជាគូស្វាមីភរិយា បុរសអាយុ ៦៣ឆ្នាំ និងស្ត្រីអាយុ ៥៣ឆ្នាំ។ លើសពីនេះ មនុស្សម្នាក់ទៀតនៅតែបាត់ខ្លួន ហើយមនុស្ស ៤នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ប៉ុន្តែគ្មាននរណាម្នាក់មានរបួសធ្ងន់ធ្ងរដល់អាយុជីវិតនោះទេ។
វីដេអូដែលចេញផ្សាយដោយ CCTV បង្ហាញពីភាពវឹកវររបស់ប្រជាពលរដ្ឋកំពុងរត់គេចចេញពីអគារខ្ពស់ៗ និងគំនរបាក់បែកនៅជាប់នឹងផ្ទះដែលត្រូវបានបំផ្លាញ។
អាជ្ញាធរកំពុងត្រួតពិនិត្យហេដ្ឋារចនាសម្ព័ន្ធផ្លូវដែក ដែលបណ្ដាលឲ្យមានការរំខានដល់ការដឹកជញ្ជូននៅតំបន់នោះ។
ទោះបីជាយ៉ាងណា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឲ្យដឹងថា ការទំនាក់ទំនង ប្រព័ន្ធខ្សែភ្លើង ការផ្គត់ផ្គង់ទឹក ឧស្ម័ន និងចរាចរណ៍នៅក្នុងតំបន់រងផលប៉ះពាល់ នៅដំណើរការធម្មតាវិញ៕
