រន្ធត់! អ្នកបើករថភ្លើងបុករថយន្តក្រុងផ្ទុះឆេះនៅថៃ ពិនិត្យឃើញញៀនថ្នាំខ្លាំង ស្លាប់ ៨ នាក់

រន្ធត់! អ្នកបើករថភ្លើងបុករថយន្តក្រុងផ្ទុះឆេះនៅថៃ ពិនិត្យឃើញញៀនថ្នាំខ្លាំង ស្លាប់ ៨ នាក់

ក្រុងបាងកក៖ សោកនាដកម្មដ៏រន្ធត់មួយទៀតកើតឡើងនៅប្រទេសថៃ កាលពីល្ងាចថ្ងៃទី១៦ ឧសភា កន្លងទៅ ខណៈរថភ្លើងដឹកទំនិញបានបុករថយន្តក្រុងសាធារណៈខ្សែ ២០៦ ពេញទំហឹងនៅចំណុចប្រសព្វ Asok-Phetchaburi ក្បែរផ្លូវរថភ្លើង Makkasan បណ្តាលឲ្យឆាបឆេះយ៉ាងសន្ធោសន្ធៅ ឆក់យកជីវិតមនុស្ស ៨ នាក់ និងរបួស ៣២ នាក់ទៀត ។

រថភ្លើងបុករថយន្តក្រុង

អ្វីដែលគួរឲ្យតក់ស្លុតជាងនេះទៀតនោះ គឺលទ្ធផលតេស្តសារធាតុញៀនរបស់អ្នកបើករថភ្លើងរូបនេះ ចេញមកវិជ្ជមាន មានន័យថាគាត់កំពុងស្ថិតក្រោមឥទ្ធិពលគ្រឿងញៀនពេលបើកបរ ។

ទីភ្នាក់ងារព័ត៌មាន The Nation បានរាយការណ៍ដកស្រង់ប្រភពពីប៉ូលិសកាលពីថ្ងៃទី១៨ ឧសភា ថា អ្នកបើករថភ្លើងត្រូវបានរកឃើញមានផ្ទុកសារធាតុញៀនក្នុងខ្លួន ហើយកំពុងត្រូវបានពិនិត្យបន្ថែម និងរៀបចំអនុវត្តនីតិវិធីច្បាប់ ។ លើសពីនេះ គាត់ក៏ត្រូវបានចោទប្រកាន់ពីបទធ្វេសប្រហែស និងមិនអើពើនឹងការព្រមាន បើទោះបីជាមានការជូនដំណឹងជាបន្តបន្ទាប់ក៏ដោយ ដែលនាំឲ្យមានអ្នកស្លាប់យ៉ាងច្រើន ។

ក្រុមអ្នកស៊ើបអង្កេតកំពុងពិនិត្យមើលការបំពេញការងាររបស់បុគ្គលិកពាក់ព័ន្ធទាំងអស់ រួមមានបុគ្គលិកផ្លូវដែក និងអ្នកបើកបររថយន្តក្រុង ដើម្បីរកឲ្យឃើញពីកំហុសដែលនាំឲ្យកើតសោកនាដកម្មនេះ ។

ទិដ្ឋភាពកន្លែងកើតហេតុ

ហេតុការណ៍នេះត្រូវបានគេចាត់ទុកជាសោកនាដកម្មដ៏សាហាវមួយក្នុងចំណោមសោកនាដកម្មសាហាវៗជាច្រើនដែលកើតឡើងក្នុងប្រវត្តិសាស្ត្រសម័យទំនើបរបស់ប្រទេសថៃ ។

អត្ថបទ៖ សុខ សុវណ្ណ

administrator

Related Articles