ភ្លើងឆេះក្បែររោងចក្រនុយក្លេអ៊ែរ Barakah៖ អារ៉ាប៊ីសាអូឌីតថ្កោលទោស អារ៉ាប់រួមប្តេជ្ញាមិនអត់ឱន

ភ្លើងឆេះក្បែររោងចក្រនុយក្លេអ៊ែរ Barakah៖ អារ៉ាប៊ីសាអូឌីតថ្កោលទោស អារ៉ាប់រួមប្តេជ្ញាមិនអត់ឱន

អារ៉ាប៊ីសាអូឌីត នៅថ្ងៃអាទិត្យទី១៧ ខែឧសភា បានថ្កោលទោសយ៉ាងធ្ងន់ធ្ងរចំពោះការវាយប្រហារដោយដ្រូន លើប្រទេសអារ៉ាប់រួម (UAE) ដែលបណ្តាលឲ្យមានអគ្គិភ័យឆាបឆេះនៅខាងក្រៅបរិវេណរោងចក្រថាមពលនុយក្លេអ៊ែរ Barakah។ អាជ្ញាធរអារ៉ាប់រួមកំពុងស៊ើបអង្កេតរកប្រភពនៃការវាយប្រហារនេះ។

UAE Drone Attack

យោងតាមសារព័ត៌មាន timesofisrael ក្រសួងការពារជាតិអារ៉ាប់រួមបានឲ្យដឹងថា ខ្លួនបានស្ទាក់ចាប់ដ្រូនចំនួនពីរគ្រឿងដោយជោគជ័យ ខណៈដ្រូនទីបីបានធ្លាក់ចំម៉ាស៊ីនភ្លើងក្បែរទីតាំងនុយក្លេអ៊ែរ ក្នុងតំបន់ al-Dhafra នៃរដ្ឋធានីអាប៊ូដាប៊ី។ ដ្រូនទាំងនោះហោះចូលមកពីព្រំដែនខាងលិច ប៉ុន្តែមិនទាន់មានព័ត៌មានលម្អិតបន្ថែមនៅឡើយទេ។

ក្រសួងការបរទេសអារ៉ាប៊ីសាអូឌីតបានលើកឡើងពីការថ្កោលទោសចំពោះ «ការវាយប្រហារដ៏គគ្លើន» នេះ ដែលគំរាមកំហែងដល់សន្តិសុខ និងស្ថិរភាពក្នុងតំបន់។ ក្រសួងបានបញ្ជាក់ជាថ្មីពីសាមគ្គីភាពជាមួយអារ៉ាប់រួម និងការគាំទ្ររាល់វិធានការការពារអធិបតេយ្យភាព និងបូរណភាពទឹកដី។

Barakah Nuclear Plant

ក្រសួងការបរទេសអារ៉ាប់រួមបានថ្កោលទោសការវាយប្រហារនេះ ដោយពណ៌នាថាជាការកើនឡើងកម្តៅដ៏គ្រោះថ្នាក់។ សេចក្តីថ្លែងការណ៍បានសង្កត់ធ្ងន់ថា អារ៉ាប់រួមនឹងមិនអត់ឱនចំពោះការគំរាមកំហែងណាមួយដល់សន្តិសុខ និងអធិបតេយ្យភាពរបស់ខ្លួនឡើយ។

ទីប្រឹក្សាប្រធានាធិបតីអារ៉ាប់រួម លោក Anwar Gargash បានពណ៌នាការកំណត់គោលដៅលើរោងចក្រ Barakah ថាជាសកម្មភាព «ភេរវកម្ម» ដោយលើកឡើងថា មិនថាធ្វើឡើងដោយផ្ទាល់ដោយអ៊ីរ៉ង់ ឬតាមរយៈក្រុមប្រូកស៊ីណាមួយរបស់ខ្លួនក៏ដោយ វាបានបង្ហាញពីការវិវត្តន៍ដ៏ខ្មៅងងឹត ដែលរំលោភលើច្បាប់អន្តរជាតិ និងឆ្លុះបញ្ចាំងពីការមិនខ្វល់ខ្វាយចំពោះជីវិតប្រជាពលរដ្ឋស៊ីវិល។

UAE Security

លោក Gargash បានបន្ថែមថា៖ «គ្មាននរណាម្នាក់អាចគំរាមកំហែងអារ៉ាប់រួមបានឡើយ ហើយក៏គ្មាននរណាម្នាក់អាចបំផ្លាញចក្ខុវិស័យ ជោគជ័យ និងសារដ៏មានឥទ្ធិពលរបស់ខ្លួន ដែលផ្ដោតលើសន្តិសុខ ស្ថិរភាព ការអភិវឌ្ឍន៍ និងវិបុលភាពនោះបានដែរ»៕

អត្ថបទ៖ សាង ស្រីល័ក្ខ

administrator

Related Articles