ខេត្តស្វាយរៀង៖ កើតមានករណីអគ្គីភ័យឆាបឆេះយ៉ាងគួរឱ្យភ្ញាក់ផ្អើលនៅចំណុចដីឡូតិ៍ស្តុកសំរាមអេតចាយ ក្រោយតំបន់សេដ្ឋកិច្ចពិសេសតាយសេង ក្នុងភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង កាលពីព្រឹកថ្ងៃចន្ទ ទី១៨ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ១០និង៥០នាទី។ 
លោកស្រី ថាច់ ថុន អាយុ៤៨ឆ្នាំ ម្ចាស់ដីឡូតិ៍ស្តុកសំរាមអេតចាយ បានរាយការណ៍ទៅសមត្ថកិច្ចភ្លាមៗ បន្ទាប់ពីឃើញមានអណ្តាតភ្លើងឆាបឆេះគំនរសំរាមអេតចាយ។ សមត្ថកិច្ចសង្ស័យថា មានជនមិនស្គាល់អត្តសញ្ញាណបានលួចដុតគំនរសំរាមអេតចាយនេះឡើង។ 
កម្លាំងកងរាជអាវុធហត្ថក្រុងបាវិត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត បានចុះអន្តរាគមន៍បាញ់ទឹកពន្លត់អគ្គីភ័យភ្លាមៗ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យសរុបចំនួន ៥គ្រឿង រួមមាន រថយន្តកងរាជអាវុធហត្ថក្រុងបាវិត ១គ្រឿង រថយន្តអធិការដ្ឋាននគរបាលក្រុងបាវិត ២គ្រឿង រថយន្តអធិការដ្ឋាននគរបាលស្រុកចន្ទ្រា ១គ្រឿង និងរថយន្តក្រុមហ៊ុនតាយសេង ១គ្រឿង ដោយប្រើប្រាស់ទឹកអស់ចំនួន ២០រថយន្ត។ 
ក្នុងហេតុការណ៍ដ៏គួរឱ្យភ័យព្រួយនេះ បណ្តាលឱ្យខូចខាតខ្សែភ្លើង និងបង្គោលភ្លើងរបស់ក្រុមហ៊ុនតាយសេងប្រវែង ១០០ម៉ែត្រ ប៉ុន្តែជាសំណាងល្អដែលមិនបណ្តាលឱ្យមនុស្សរងរបួសនោះឡើយ។ 
បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចបានពន្លត់អគ្គីភ័យបាន ១០០% និងគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង ព្រមទាំងកំពុងបន្តស្រាវជ្រាវរកជនសង្ស័យដែលលួចដុតសំរាមអេតចាយនេះ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។
ដោយ៖ សុថាន
