ខេត្តកំពង់ស្ពឺ ៖ ករណីផ្ទុះធុងហ្គាសចម្អិនអាហារដ៏សាហាវមួយ បានផ្ទុះឡើងយ៉ាងគួរឲ្យភ្ញាក់ផ្អើល នៅក្បែរបុរីជ័យឧត្តម ភូមិឧញ្ញាទេព ឃុំត្រពាំងគង ស្រុកសំរោងទង នាព្រឹកម៉ោងប្រហែល ៩ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ បណ្តាលឲ្យក្មេងស្រីអាយុជាង១០ឆ្នាំម្នាក់ រងរបួសយ៉ាងធ្ងន់ធ្ងរសន្លប់បាត់ស្មារតី គួរឲ្យអាណិតជាទីបំផុត។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ស្រាប់តែឮសម្លេងផ្ទុះយ៉ាងខ្លាំងដូចផ្គររន្ទះ ចេញពីកន្លែងចម្អិនអាហារ បង្កឲ្យអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធៅ និងផ្សែងខ្មួលខ្មាញ់បាំងអស់ទិដ្ឋភាព ធ្វើឲ្យប្រជាពលរដ្ឋនៅក្បែរនោះ នាំគ្នារត់ចេញពីកន្លែងកើតហេតុទាំងតក់ស្លុត និងភ័យរន្ធត់។ ពួកគាត់ខ្លះបានព្យាយាមយកបំពង់ពន្លត់អគ្គិភ័យ និងទឹកចូលជួយអន្តរាគមន៍ភ្លាមៗដែរ។

យ៉ាងណាមិញ ដោយសារអំណាចភ្លើង និងកម្តៅខ្លាំងពេក ប្រជាពលរដ្ឋពុំអាចចូលទៅជួយក្មេងស្រីរងគ្រោះបានទាន់ពេលវេលានោះទេ បណ្តាលឲ្យនាងរងរបួសធ្ងន់ធ្ងរពេញរាងកាយ ទើបត្រូវបានក្រុមគ្រូពេទ្យដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យភ្លាមៗ ខណៈស្ថានភាពរបួសធ្ងន់ធ្ងរគួរឲ្យបារម្ភ។

គួរបញ្ជាក់ថា ករណីសោកនាដកម្មនេះ បានធ្វើឲ្យមហាជនមានការតក់ស្លុត និងអាណិតអាសូរយ៉ាងខ្លាំង ចំពោះក្មេងស្រីរងគ្រោះដ៏កំសត់រូបនេះ។ នាពេលបច្ចុប្បន្ននេះ សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានកំពុងចុះពិនិត្យ និងស្រាវជ្រាវរកមូលហេតុពិតប្រាកដនៃការផ្ទុះធុងហ្គាសនេះផងដែរ ដើម្បីចាត់វិធានការបន្ត។

