រាជធានីភ្នំពេញ៖ សមត្ថកិច្ចកំពុងតាមរកឃាតករដែលបានបាញ់សម្លាប់ស្ត្រីម្នាក់នៅក្នុងហាងសាឡន និងហាងកាត់សក់នៅទួលពង្រ កាលពីរសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦។

ជនរងគ្រោះឈ្មោះ ជុន តឿ អាយុ២២ឆ្នាំ ជាម្ចាស់ហាងសាឡន «ម៉ា មី» នៅផ្សារទួលពង្រ បានស្លាប់ក្រោយពីត្រូវគ្រាប់កាំភ្លើង១គ្រាប់ និងត្រូវវាយក្បាលចំនួន១៧កន្លែង។ នាងមានទីលំនៅនៅភូមិមាក់កណ្ដាល ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ។

ឃាតករគឺជាអតីតប្ដីរបស់នាង ឈ្មោះ ធូក ជី អាយុ៣៩ឆ្នាំ មានទីលំនៅភូមិព្រើង ឃុំបៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ តាមរូបភាពកាមេរ៉ាសុវត្ថិភាព ឃាតករពាក់អាវយឺតពណ៍លឿង ស្លៀកខោជើងវែងពណ៍ប្រផេះ និងពាក់ស្បែកជើងផ្ទាត់ពណ៍ស។
ព្រឹត្តិការណ៍នេះកើតឡើងនៅវេលាជាង៣រសៀល នៅពេលឃាតករចូលទៅក្នុងហាងសាឡន បាញ់នារីរងគ្រោះ១គ្រាប់ បន្ទាប់មកនារីរងគ្រោះរត់ចូលទៅក្នុងហាងកាត់សក់ដែលនៅទល់មុខ ដើម្បីសុំជំនួយ។ ឃាតករក៏ដេញតាមពីក្រោយ ចាប់ផ្ដួលនាង រួចវាយក្បាលបន្ថែមទៀត បណ្ដាលឱ្យនាងស្លាប់នៅក្នុងថ្លុកឈាម។

បច្ចុប្បន្ន ឃាតករនៅតែរត់គេចខ្លួន ហើយសមត្ថកិច្ចកំពុងតាមរកដើម្បីចាប់ខ្លួនមកផ្ដន្ទាទោសតាមច្បាប់។ ការស៊ើបអង្កេតនៅតែបន្ត ដើម្បីស្វែងយល់ពីមូលហេតុនៃការប្រព្រឹត្តអំពើឃោរឃៅនេះ។
