វិនិយោគិនបរទេសកំពុងដកខ្លួនចេញពីទីផ្សារហិរញ្ញវត្ថុថៃយ៉ាងរហ័ស រួមទាំងភាគហ៊ុន និងមូលបត្របំណុល ដោយសារតម្លៃប្រេងសកលកើនឡើងខ្ពស់ដោយសារសង្រ្គាមនៅមជ្ឈិមបូព៌ា។ ស្ថានភាពនេះបង្កើនការបារម្ភអំពីកំណើនសេដ្ឋកិច្ចថៃ បំណុលកើនឡើង និងជម្រើសគោលនយោបាយដែលមានកម្រិត។

ទីភ្នាក់ងារសារព័ត៌មានរ៉យទ័ររាយការណ៍ថា វិនិយោគិនកំពុងលក់ចេញទ្រព្យសកម្មរបស់ខ្លួននៅថៃ ដោយសារជម្លោះមជ្ឈិមបូព៌ាប៉ះពាល់ដល់សុទិដ្ឋិនិយមអំពីការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចថៃក្រោមការដឹកនាំរបស់នាយករដ្ឋមន្រ្តីថ្មី លោក អានុទីន ឆានវីរៈគុណ។ ស្ថានភាពបច្ចុប្បន្នក៏បង្ហាញពីភាពមិនកម្រិតនៃសមត្ថភាពរបស់រដ្ឋាភិបាលក្រុងបាងកកក្នុងការឆ្លើយតបទៅនឹងវិបត្តិ។
ជម្លោះនៅមជ្ឈិមបូព៌ាបានជំរុញឱ្យតម្លៃប្រេងហក់ឡើងដល់ ១០០ ដុល្លារ/បារ៉ែល ដោយបង្កផលប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ចអាស៊ី រួមទាំងថៃ។ ថៃត្រូវបានចាត់ទុកជាប្រទេសដែលងាយរងគ្រោះបំផុតពីជម្លោះ ព្រោះស្ទើរតែពាក់កណ្តាលនៃការនាំចូលប្រេងនិងឧស្ម័នរបស់ប្រទេសនេះមកពីមជ្ឈិមបូព៌ា។

បញ្ហាប្រឈមសម្រាប់ថៃធ្ងន់ធ្ងរជាងប្រទេសដទៃទៀតក្នុងតំបន់។ បំណុលសាធារណៈរបស់ប្រទេសនេះជិតដល់ដែនកំណត់របស់រដ្ឋាភិបាល (៧០% នៃ GDP) ខណៈសេដ្ឋកិច្ចថៃបានធ្លាក់ចូលទៅក្នុងបរិត្តផរណារួចទៅហើយមុនពេលសង្គ្រាមមជ្ឈិមបូព៌ាផ្ទុះឡើង។
ទិន្នន័យពីក្រុមហ៊ុន LSEG បង្ហាញថា វិនិយោគិនបរទេសបានទិញភាគហ៊ុនថៃចំនួន ១,៧ ប៊ីលានដុល្លារនៅខែកុម្ភៈ ប៉ុន្តែក្រោយជម្លោះមជ្ឈិមបូព៌ាផ្ទុះឡើង និន្នាការបានបញ្ច្រាសទិស ដោយក្នុងខែមីនា វិនិយោគិនបានលក់ភាគហ៊ុនថៃសុទ្ធចេញប្រមាណ ៨២៣ លានដុល្លារ និងមូលបត្របំណុល ៧០៥ លានដុល្លារ។
អ្នកជំនាញព្រមានថា តម្លៃប្រេងឥន្ធនៈខ្ពស់អាចកាត់បន្ថយការប្រើប្រាស់ និងរំខានដល់ការនាំចេញនិងទេសចរណ៍ ដែលជាកត្តាជំរុញសំខាន់នៃសេដ្ឋកិច្ចថៃ។ ទោះបីមានបទឈប់បាញ់នៅមជ្ឈិមបូព៌ាក្ដី ថៃនៅតែអាចប្រឈមមុខនឹងឆ្នាំដ៏លំបាកមួយទៀត។
