អន្តរជាតិ ៖ ប្រធានាធិបតី ដូណាល់ ត្រាំ បានសម្រេចចិត្តពង្រីកបទឈប់បាញ់ជាមួយអ៊ីរ៉ង់ជាបន្ទាន់ មុនពេលផុតកំណត់ ដោយមិនបានបញ្ជាក់កាលបរិច្ឆេទបញ្ចប់ជាក់លាក់នោះទេ។

ការសម្រេចនេះធ្វើឡើងបន្ទាប់ពីការចរចាជុំថ្មីដែលគ្រោងធ្វើនៅប៉ាគីស្ថានត្រូវជួបភាពស្ងៀមស្ងាត់ពីថ្នាក់ដឹកនាំអ៊ីរ៉ង់។ រដ្ឋបាលអាមេរិកបានផ្ញើបញ្ជីចំណុចកិច្ចព្រមព្រៀងទូលំទូលាយទៅកាន់ទីក្រុងតេអេរ៉ង់ ប៉ុន្តែមិនទទួលបានការឆ្លើយតបឡើយ។
មន្ត្រីជាន់ខ្ពស់អាមេរិកបានលើកឡើងថា មូលហេតុចម្បងគឺការបែកបាក់ផ្ទៃក្នុងរបស់ថ្នាក់ដឹកនាំអ៊ីរ៉ង់ ជាពិសេសក្រោមមេដឹកនាំកំពូលថ្មីលោក Mojtaba Khamenei ដែលមិនទាន់ផ្តល់ទិសដៅច្បាស់លាស់ដល់អ្នកក្រោមបង្គាប់។ អ៊ីរ៉ង់ទទូចឱ្យលោក ត្រាំ លុបចោលការបិទច្រកសមុទ្រ Hormuz ជាមុន ប៉ុន្តែលោក ត្រាំ បានបដិសេធយ៉ាងដាច់អហង្ការ។

គួរបញ្ជាក់ថា លោក ត្រាំ ធ្លាប់បានអះអាងថា សហរដ្ឋអាមេរិកបានឈ្នះសង្គ្រាមរួចហើយ ហើយលោកនៅតែបន្តស្វែងរកដំណោះស្រាយការទូត ដើម្បីជៀសវាងការរស់ឡើងវិញនៃជម្លោះ៕
ប្រភព ៖ CNN
