ភ្នំពេញ៖ អគ្គិភ័យដ៏ធំមួយបានឆាបឆេះឃ្លាំងកែឆ្នៃស្នោមួយកន្លែងយ៉ាងសន្ធោសន្ធៅ ហើយបន្តរាលដាលទៅលើបន្ទប់ជួល២បន្ទប់ទៀតនៅក្បែរនោះ ដែលបានបណ្តាលឱ្យខូចខាតសម្ភារៈមួយចំនួនធំ។

ហេតុការណ៍គ្រោះអគ្គិភ័យនេះបានកើតឡើងនៅវេលាម៉ោង ៩:៥០នាទីយប់ ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវជាតិលេខ៦អា សង្កាត់ព្រែកលាភ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

យោងតាមប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ ពួកគាត់បានឮសំឡេងផ្ទុះលាន់ឮយ៉ាងខ្លាំងចេញពីឃ្លាំងកែឆ្នៃស្នោ រួចបង្កជាអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ និងបន្តឆេះរាលដាលទៅលើផ្ទះជួលក្បែរនោះ២បន្ទប់ទៀត។

ភ្លាមនោះ ប្រជាពលរដ្ឋនិងកម្មករជាច្រើនបាននាំគ្នាទាញទុយោទឹកនិងបំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់ទប់ស្កាត់ជាបណ្តោះអាសន្ន រួចនាំគ្នារាយការណ៍ទៅសមត្ថកិច្ចសុំរថយន្តពន្លត់អគ្គីភ័យមកជួយអន្តរាគមន៍បន្ទាន់។

ក្រោយពីទទួលបានដំណឹង កម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គីភ័យនិងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ចេញរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងទៅជួយអន្តរាគមន៍បាញ់ពន្លត់ភ្លាមៗ។

ន្ទាប់ពីកម្លាំងជំនាញទៅដល់ ប្រតិបត្តិការបាញ់ពន្លត់អគ្គិភ័យបានប្រើប្រាស់រថយន្តទឹកអស់ជាច្រើនគ្រឿងទើបគ្រប់គ្រងបានទាំងស្រុងនៅវេលាយប់ថ្ងៃដដែល។

ចំពោះករណីអគ្គិភ័យខាងលើនេះ មិនបណ្តាលឱ្យមាននាក់រងរបួសនោះទេ ពោលគឺខូចខាតតែឃ្លាំងនិងសម្ភារៈមួយចំនួនធំ និងរាលដាលទៅលើផ្ទះ២បន្ទប់រួមមានសម្ភារៈមួយចំនួន។

ដោយឡែកមូលហេតុនៃការឆេះ សមត្ថកិច្ចជំនាញកំពុងស្រាវជ្រាបនៅឡើយ។

ដោយ៖ ភារ៉ា ដង្កោ
